(បាត់ដំបង)៖ បន្ទាប់ពីបើកយុទ្ធនាការជួយទិញស្រូវអង្ករ ដើម្បីជួយដល់កសិករខ្មែរ រយៈពេលប៉ុន្មានថ្ងៃមកនេះ ហើយក៏ទទួលបានការទិញ និងបញ្ជាទិញរាប់ពាន់តោន ពីក្រុមហ៊ុនបៃតង (ធនាគារស្រូវ) និងក្រុមហ៊ុន Amru Rice តាមរយៈការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News នោះ, ដោយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ប្រជាកសិករជាច្រើនដែលយកស្រូវមកលក់ដល់កន្លែងទីស្នាក់ការក្រុមហ៊ុន បានសម្តែងនូវភាពរីករាយ ទាំងទឹកមុខ ញញឹមញញែម ចំពោះក្រុមហ៊ុន ដែលបានជួយទិញស្រូវពីពួកគាត់ក្នុងតម្លៃខ្ពស់ ខណៈដែលពួកគាត់កំពុងជួបបញ្ហាតម្លៃធ្លាក់ចុះ។
ប្រជាកសិករដែលជាជនពិការ ឈ្មោះ សេក ធីម និងបងប្រុស គី រ័ត្ន រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង បាននិយាយទៅកាន់សាធារណជនថា៖ «ខ្ញុំសូមអរគុណ ណាស់ ដែលក្រុមហ៊ុន Amru ជួយទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់មួយតោន ៧ពាន់បាត ដែលខ្ពស់ជាងទីផ្សារគេទិញសព្វថ្ងៃនេះ ខ្ញុំសូមថ្លែងអំណរអរគុណ»។
ក្រុមហ៊ុន Amru Rice បានថ្លែងឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ បានទិញស្រូវពីកសិករបានរាប់រយតោន ដើម្បីផលិតអង្ករជូនភ្ញៀវ ដែលបាននាំ គ្នាជួយទិញ និងបញ្ជាទិញអង្ករជាច្រើនតោន នៅក្នុងយុទ្ធនាការជួយទិញស្រូវអង្ករ។ ចំណែកនៅថ្ងៃនេះក្រុមហ៊ុនទិញបានជាង៤០គោយន្ត ស្មើ៨០តោនស្រូវ ពីសហគមន៍កសិកម្ម ស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រុមហ៊ុន Amru Rice បានទិញពីកសិករផ្ទាល់ដើម្បីបង្កើនតំលៃដល់ពួកគាត់ ក្នុងគំរោងយុទ្ធនាការទិញអង្ករជួយកសិករ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នាវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្រ្តីរាជការ ពាណិជ្ជករ ឯកជននានា ដែលបានចូលរួមឆ្លើយតប និងសេចក្តីអំពាវនាវរបស់ សម្តេចតេជោក្នុងការជួយទិញស្រូវ ដើម្បីជួយដោះស្រាយបញ្ហាជីវភាពរបស់កសិករ ដែលកំពុងជួបបញ្ហាលើតម្លៃស្រូវធ្លាក់ចុះ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ប្រាប់យ៉ាងដូច្នេះ។
* គិតត្រឹមល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ ការបញ្ជាទិញអង្ករ ដើម្បីជួយលើកកម្ពស់តម្លៃស្រូវរបស់ប្រជាកសិករមានជាង ២៨០០តោនហើយ តាមរយៈការផ្សព្វផ្សាយ របស់អង្គភាពព័ត៌មាន Fresh News ដែលមានការបញ្ជាផ្ទាល់ទិញពី ធនាគារស្រូវ និងក្រុមហ៊ុន Amru Rice។
សូមបញ្ជាក់ថា៖ ធនាគារអភិវឌ្ឍន៍ជនបទ, ធនាគារស្រូវ និងក្រុមហ៊ុន Amru Rice ព្រមទាំងអង្គភាពព័ត៌មាន Fresh News បានចូលរួមសហការ ដើម្បីបើកយុទ្ធនាការ លក់អង្ករជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវធ្លាក់ចុះ។ តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុងមួយតោន ដោយមិនទាន់គិតតម្លៃដឹកជញ្ជូន។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវរបស់ប្រជាកសិករ ក៏ដូចជាជួយដល់កសិករខ្មែរ សូមទំនាក់ទំនង មកកាន់ធនាគារស្រូវ និងជាមួយនឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice ទូរស័ព្ទលេខ៖ 078 777 669 - 012 90 4444។ Fresh News នឹងចូលរួមផ្សព្វផ្សាយ បញ្ជីឈ្មោះបងប្អូនប្រជាពលរដ្ឋនៅលើ Fresh News៕