(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យកងកម្លាំងសមត្ថកិច្ច ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងឈរជើងតាមគោលដៅ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីពង្រឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន លោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗមួយចំនួន ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ដើម្បីឲ្យត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពទាំងឡាយណាដែលចង់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។
ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្ត និងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ ថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ឲ្យទទួលបាន
ជោគជ័យក្នុងបេសកកម្មមួយនេះ ។
មន្ត្រីរដ្ឋបាលខេត្តបានបន្តថា មកដល់ពេលនេះ សភាពការណ៍សន្តិសុខ នៅក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ មានសភាពធម្មតា ហើយក៏មិនមានពលរដ្ឋណាម្នាក់ ជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូចនោះទេ៕