(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងមិនបាននាំគ្នាចេញទៅធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលនៅភ្នំពេញកាលពីម្សិលមិញ តាមការអូសទាញ និងញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស។
ការថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីទិវាជាតិមឆ្ឆាជាតិនៅក្នុងឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា នៅថ្ងៃ ១៨ ខែសីហា នៅក្នុងខេត្តតាកែវទាំងមូលមានសភាពធម្មតា បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ធ្វើការលក់ដូ រកស៊ីធម្មតា និយាយជារួម មិនមានបងប្អូនប្រជាពលរដ្ឋយើងនៅក្នុងខេត្តតាកែវ នាំគ្នាចេញទៅធ្វើបាតុកម្មនៅភ្នំពេញ តាមការញុះញង់របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេសនោះទេ។
លោកថា បញ្ហាទាំងអស់នេះ សបញ្ជាក់ពីការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេសពីការគាំទ្រការដឹកនាំរបស់ដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក វ៉ី សំណាង បានថ្លែងបន្តថា ការចោទប្រកាន់រាជរដ្ឋាភិបាលទៅលើគម្រោងអភិវឌ្ឍន៍ CLV ថាបានធ្វើឲ្យបាត់ដឹកដី៤ខេត្តទៅប្រទេសជិតខាងពីសំណាក់ក្រុមប្រឆាំងមួយក្ដាប់តូច គឺមិនមែនជាការពិតនោះទេ ហើយប្រជាពលរដ្ឋភាគច្រើនលើសលប់ មានការត្រិះរិះពិចារណាបានល្អិតល្អន់ ហើយក៏មិនបានចាញ់បោកក្រុមប្រឆាំងនោះដែរ។
ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅទូទាំងខេត្តតាកែវ នៅឈជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕