(តាកែវ)៖ សមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួនអ្នកលក់ស្រាថ្នាំម្នាក់ជាបណ្ដោះអាសន្ន ក្រោយជនរងគ្រោះ៣នាក់ បានស្លាប់ក្រោយពីផឹកស្រាថ្នាំនៅផ្ទះអ្នកលក់ស្រាក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការងទទួលបន្ទុកព្រហម្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោងប្រហែល៨ព្រឹក ជនរងគ្រោះចំនួន៦នាក់ បានផឹកស្រាថ្នាំនៅផ្ទះឈ្មោះ គឹម សុខ អាយុ៤៧ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរកសិករ មានប្រពន្ធឈ្មោះ ងិន ណាន់ អាយុ៤២ឆ្នាំ។
ក្រោយពេលផឹកស្រារួច ជនរងគ្រោះ៤នាក់ មានអាការៈអស់កម្លាំងក្អួត ហូបអីមិនចូល បណ្តាលឲ្យ៣នាក់បានស្លាប់បន្តបន្ទាប់ និងម្នាក់ទៀតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បើតាមលោកឧត្តមសេនីយ៍ ហ៊ិន សុខេង, ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានឃាត់ខ្លួនឈ្មោះ ងិន ណាន់ ដកហូតវត្ថុតាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ចំពោះវត្ថុតាងជាស្រាថ្នាំ មន្រ្តីជំនាញបានបញ្ជូនទៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំដើម្បីយកទៅពិនិត្យ។
លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន ករណីសង្ស័យពុលស្រាថ្នាំ នៅឃុំស្រង៉ែ ស្រុកទ្រាំងនោះ មន្រ្តីជំនាញសាខាបានចុះ ទៅយកសំណាក មកធ្វើការពិនិត្យនៅអគ្គនាយកដ្ឋាន ប៉ុន្តែកំពុងធ្វើការពិសោធន៍ និងវិភាគមិនទាន់ទទួលបានលទ្ធផលនោះទេ៕