(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា លើពិភពលោកនេះបញ្ហាខ្សែភ្លើងរញ៉េរញ៉ៃ មិនទាន់ដោះស្រាយចប់នៅឡើយទេ។ ដោយឡែកចំពោះបញ្ហាខ្សែភ្លើងរញ៉េរញ៉ៃ តាមទីក្រុងពិសេសរាជធានីភ្នំពេញ បច្ចុប្បន្ន គឺភាគច្រើនកើតឡើងពីខ្សែអ៉ីនអើណេត ឬខ្សែកាបទូរទស្សន៍ ពុំមែនជាខ្សែអគ្គិសនីទាំងស្រុងនោះទេ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនៅខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យយ៉ាងដូច្នេះថា៖ «ប្រទេសថៃ ជាប្រទេសធំជាងយើង ជាប្រទេសសេដ្ឋកិច្ចធំទី២ នៅអាស៊ាន បន្ទាប់ពីឥណ្ឌូនេស៉ី គេក៏មិនទាន់មានលុយដាក់ខ្សែភ្លើងក្រោមដី ទាំងអស់ដែលដោយសារវាថ្លៃ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏គេដាក់ខ្សែភ្លើងតាមសសរឈើ និងសសរថ្ម តាមផ្លូវដែរ។ ដូច្នេះ ប្រទេសអ្នកមានទាំងអស់នោះក៏មិនទាន់មានលុយដាក់ដែរ […] អាចនិយាយថាមានតែ សិង្ហបុរីមួយទេ ដែលជាប្រទេសតូច មានលុយច្រើន គេដាក់បានក្រោមដី ក្រៅពីនោះយើងទៅមើលទៅ»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យដឹងថា សម្រាប់ខ្សែភ្លើងរញ៉េរញ៉ៃនៅប្រទេសកម្ពុជា ភាគច្រើនចេញមកពីខ្សែកាបអ៉ីនធឺណែត ខ្សែកាបទូរទស្សន៍ ដែលមិនមែនជាខ្សែភ្លើងអគ្គិសនីនោះទេ។ សម្រាប់ខ្សែភ្លើងអគ្គិសនី គឺមានតែមួយសសៃ រត់តាមបង្គោល ហើយត្រូវបានតចេញដើម្បីចូលតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
«យើងឃើញរញ៉េរញ៉ៃ គេជាខ្សែពីងពាងចេញមកពីបញ្ហាខ្សែកាប អ៉ីនធឺណែត របស់អ្នកប្រើប្រាស់ អគ្គិសនីកម្ពុជា កំពុងតែធ្វើលើកិច្ចការងារជាប្រចាំជាមួយអាជ្ញាធរ ក្រុមហ៊ុនទូរគមនាគមន៍ ដើម្បីរៀបចំខ្សែកាបទាំងអស់នោះមានសណ្តាប់ធ្នាប់»។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី កែវ រតនៈ។
ជុំវិញបញ្ហានេះដែរ ត្រូវបានលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសុំការយោគយល់ពីសាធារណជន ហើយរដ្ឋក៏ពុំមានលទ្ធភាពបង្កប់ខ្សែភ្លើងក្រោមដីបានដែរ ដោយសារតម្លៃខ្ពស់ពេក។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋកំពុងដោះស្រាយដើម្បីធ្វើយ៉ាងឱ្យខ្សែភ្លើងចងចាក់ស្រែះ ប្រៀបបាននឹងសំបុកពីងពាងទាំងអស់នោះ មានសណ្ដាប់ធ្នាប់ និងរបៀបរាបរយជាបន្តបន្ទាប់។
គួរឱ្យដឹថា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន៣៧ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៦-១៨ សីហា ឆ្នាំ២០២៤៕