(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបន្តអនុវត្តនូវនយោបាយការបរទេសរ​បស់ខ្លួនដោយឯករាជ្យពេញលេញ។ លោកក៏បានបន្ថែមថា កម្ពុជានៅលើឆាកអន្តរជាតិ ធ្វើអ្វីៗដើម្បីឧត្តមប្រយោជន៍ជាតិ មុននឹងអ្វីៗទាំងអស់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រ ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ បានថ្លែងបែបនេះ ក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាតូចទេ តែមានសំឡេងឆ្នោតមួយ ដូចគេឯងដែរ និងមានទង់ជាតិរបស់ខ្លួន បក់រវិចនៅលើឆាកអន្តរជាតិ ដូចជានៅអង្គការសហប្រជាជាតិ ឬក៏នៅលើឆាកតំបន់ ដូចជានៅអាស៊ាន ម្ល៉ោះហើយអត់មានត្រូវបារម្ភទេ។ ក្នុងន័យនេះ តាំងពីដំបូងមក ពេលជួបជាទ្វេភាគី ឬពហុភាគី នៅលើតំបន់ ឬលើវេទិកាអន្តរជាតិ ប្រមុខរដ្ឋាភិបាលខ្មែរ គូសបញ្ជាក់ហើយ គូសបញ្ជាក់ទៀតថា កម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមែន ប៉ុន្តែមិនផ្លាស់ប្តូរឡើយ ស្នូលនយោបាយការបរទេសរបស់ខ្លួន កម្ពុជាបន្តផ្តោតសារៈសំខាន់ លើគោលការណ៍ដដែលមួយចំនួន ដែលជាមូលដ្ឋាននៃឧត្តមប្រយោជន៍ជាតិរបស់យើង​ នោះគឺកម្ពុជាទាមទារឲ្យបរទេសគោរពអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពជាតិ»

លោកបានបន្តថា «កម្ពុជាប្រឆាំងនឹងការជ្រៀតជ្រែក ពីសំណាក់បរទេសណាក៏ដោយ ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា កម្ពុជាបន្តអនុវត្តគោលនយោបាយការបរទេសមួយឯករាជ្យពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងនៃអាស៊ាន»

បើតាមលោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ មូលដ្ឋានសំខាន់ៗទាំងនេះនៃនយោបាយការបរទេសកម្ពុជា ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងយ៉ាងលម្អិត និងជាឱឡារឹកបំផុត នៅក្នុងសម័យប្រជុំអង្គការសហប្រជាជាតិ លើកទី៧៨ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលស្រង់ខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជាថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងដែរ៕