(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានកំណើនសេដ្ឋកិច្ច និងទុនវិនិយោគកើនឡើងជាបន្តបន្ទាប់ តាមរយៈអនុវត្តនយោបាយការទូតសេដ្ឋកិច្ច ដោយក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កម្ពុជាទទួលបានគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មមានចំនួន១៩០ មានទុនវិនិយោគជាង៣ពាន់លានដុល្លារ ហើយពេញមួយខែកក្កដាកន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី៤១គម្រោង ក្នុងទុនវិនិយោគ៣៩៦លានដុល្លារបន្ថែមទៀត។
លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ ថ្លែងបែបនេះ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណតិ្តទី៧ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ។
លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានពន្យល់ថា កាទូតសេដ្ឋកិច្ច គឺជាការស្វែងរកប្រយោជន៍សេដ្ឋកិច្ច ដោយប្រើប្រាស់មធ្យោបាយទូត ដែលនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តប្រឹងប្រែងអនុវត្តយ៉ាងសកម្មជាទីបំផុត ដើម្បីធ្វើឱ្យសម្រេចមហិច្ចតាមួយធំរបស់រាជរដ្ឋាភិបាល នោះគឺធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការទូតសេដ្ឋកិច្ច មានគោលដៅសំខាន់ៗ គឺជំរុញពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់វិស័យទេសចរណ៍ ជំរុញការផ្តោះប្តូរវប្បធម៌កីឡា បូករួមទាំងការផ្សព្វផ្សាយនៅលើឆាកតំបន់ និងអន្តរជាតិ។
លោកបានមានប្រសាសន៍ថា «ការអនុវត្តការទូតសេដ្ឋកិច្ចដោយសម្តេចធិបតី ក៏ស្តែងឡើងដែរតាមរយៈជំនួបរវាងរដ្ឋ និងវិស័យឯកជន គឺសុទ្ធសឹងតែជាការចូលរួមដោយផ្ទាល់របស់សម្តេចធិបតីនៅក្នុងវេទិកា ធុរកិច្ចតូចឬធំ ឬសុទ្ធសឹងតែជាជំនួបសំណេះសំណាលរវាងសម្តេចធិបតី និងបណ្តាក្រុមហ៊ុនបរទេសទាំងខ្នាតតូច ខ្នាតមធ្យម ឬខ្នាតយក្ស ហើយក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ សម្តេចធិបតីបានចូលរួមក្នុងកិច្ចប្រជុំធុរកិច្ចបានច្រើនណាស់ សឹងថារាប់មិនអស់ដូចជា កិច្ចប្រជុំធុរកិច្ចអាស៊ាននៅចាកាតា កិច្ចប្រជុំក្នុងលក្ខខណ្ឌកិច្ចព្រមព្រៀង RCEP លើកទី៣ នៅចិន វេទិកាធុរកិច្ចនៅសហរដ្ឋអាមេរិក វេទិកាសេដ្ឋកិច្ចពិភពលោកនៅស្វីស វេទិកាធុរកិច្ចបារាំង-កម្ពុជា នៅប្រទេសបារាំង»។
ព្រមជាមួយគ្នានេះ សម្តេចថែមទាំងបានជួបជាមួយវិស័យឯកជនទាំងជាតិ និងអន្តរជាតិ ជាច្រើននៅក្នុងប្រទេស ដែលសកម្មភាពទាំងនេះ សុទ្ធសឹងតែជាឱកាសសម្រាប់សម្តេចធិបតី បញ្ចុះបញ្ចូលឱ្យវិនិយោគិនបរទេសបង្កើន និងមកបណ្តាក់ទុរកស៊ីនៅកម្ពុជា។
បើតាម លោករដ្ឋមន្រ្តីប្រតិភូ, នៅក្នុងរយៈពេល៦ខែ គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ គម្រោងវិនិយោគទាំងអស់ ទាំងគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មមានចំនួន១៩០ ដែលមានទំហំវិនិយោគជាង៣ពាន់លានដុល្លារ។ គម្រោងវិនិយោគទាំងអស់នេះ បានបង្កើតការងារជាង១៦៨ម៉ឺនកន្លែង។ ទន្ទឹមគ្នានេះ ក្នុងរយៈពេលពេញមួយខែកក្កដា កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ចំនួន៤១គម្រោង ក្នុងទុនវិនិយោគ៣៩៦លានដុល្លារ បន្ថែមទៀតផងដែរ។
លោកបានកត់សម្គាល់ កំណើនសេដ្ឋកិច្ចកម្ពុជា ហាក់ចាប់ផ្តើមវិលមករកសភាពមុនការរីករាលដាលជំងឺកូវីដ១៩ ជាបណ្តើៗហើយ បើតាម ធនាគារពិភព និង IMF បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់៦.១ % នៅឆ្នាំ២០២៤។ បើគ្មានអ្វីប្រែប្រួលទេ កំណើននេះ គឺកើនឡើងខ្ពស់ជាងគេបង្អស់ នៅក្នុងតំបន់អាស៊ាន។
យោងតាម លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ នៃអាណត្តិទី៧ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុម័តគម្រោងវិនិយោគចំនួន ៣៣៨គម្រោង ក្រោមទុនវិនិយោគជាង៦ពាន់លានដុល្លារ កើនឡើង២២០% ដែលនេះបង្ហាញពីលទ្ធផលនៃខិតខំប្រឹងប្រែង របស់ថ្នាក់នាំក្នុងការដើរទាក់ម៉ូយ នៅតាមបណ្តាប្រទេសនានាផងដែរ៕