(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានឆ្លងកាត់បទពិសោធន៍ និងមហាសោកនាដកម្ម១ពាន់ជំពូក ដែលបង្កឡើងដោយភ្លើងសង្គ្រាម ដូចនេះ ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ គឺជាការងារអាទិភាពធំបំផុតរបស់កម្ពុជា ខណៈដែលសង្គ្រាមបានផ្ទុះឡើងនៅតំបន់មួយចំនួន ហើយប្រទេសខ្លះកំពុងជួបនឹងអស្ថិរភាពនយោបាយ។
ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤, លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជា ជាប្រទេសតូចពិតប្រកែកមិនបានទេ តែមានបទពិសោធន៍ធំ គឺក្នុងមហាសោកនាដកម្ម ១ពាន់ជំពូក ដែលបង្កឡើងដោយសង្គ្រាម ក្នុងន័យនេះបន្តពីសម្តេចតេជោ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ សម្តេចធិបតី បានប្រកាសប្រាប់បណ្តាប្រទេសជិតខាង ប្រាប់បណ្តាប្រទេសក្នុងតំបន់ និងប្រាប់ពិភពលោកទាំងមូលថា រក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអាទិភាពធំបំផុតរបស់កម្ពុជា»។
លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងបន្តថា ពេលនេះ តាមបណ្តាប្រទេសមួយចំនួននៅលើពិភពលោក កំពុងមានសង្គ្រាមឆាបឆេះ ដូចជានៅភូមា នៅអ៊ុយក្រែន នៅតំបន់ហ្គាហ្សា ហើយបន្ថែមនេះ ក៏មានបញ្ហាអស្ថិរភាពនយោបាយ បាននិងកំពុងគ្របដណ្តប់ទៅលើតំបន់មួយចំនួន និងប្រទេសមួយចំនួន ដូចជានៅតំបន់មជ្ឈិមបូព៌ា ហើយថ្មីនេះ នៅប្រទេសអាស៉ីខាងត្បូង គឺប្រទេសបង់ក្លាដែស។
ជាមួយគ្នានេះដែរ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា តូចមែនពិតតែមានសំឡេងឆ្នោតមួយ ដូចគេឯង និងមានទង់ជាតិមួយបក់រវិចនៅលើឆាកអន្តរជាតិ នៅអង្គការសហប្រជាជាតិ ឬឆាកតំបន់អាស៊ាន។ លោកថា នៅពេលជួបទ្វេរភាគី ពហុភាគី ជាមួយថ្នាក់ដឹកនាំបរទេសនៅលើវេទិកាតំបន់ ឬនៅលើឆាកអន្តរជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ហើយ គូសបញ្ជាក់ទៀតថា «កម្ពុជា ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមែន ប៉ុន្តែមិនផ្លាស់ប្តូរឡើយស្នូលនយោបាយការបរទេសរបស់ខ្លួន»។
លោកបានបន្ថែមថា នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តផ្តោតសារៈសំខាន់លើគោលការណ៍ដដែលមួយចំនួន ដែលជាមូលដ្ឋាននៃឧត្តមប្រយោជន៍ជាតិរបស់ជាតិនោះ គឺកម្ពុជាទាមទារឱ្យបរទេសគោរពអធិបតេយ្យភាព បូរណទឹកដី និងឯករាជ្យរបស់កម្ពុជា។ កម្ពុជាប្រឆាំងនឹងការជ្រៀតជ្រែតពីសំណាក់បរទេសទាំងអស់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយកម្ពុជាបន្តអនុវត្តនូវនយោបាយការបរទេសមួយឯករាជ្យពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍តំបន់អាស៊ាន៕