(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងផ្តាំផ្ញើទៅដល់មនុស្សមួយចំនួន ដែលតែងតែរិះគន់ និងជេរទៅលើរាជរដ្ឋាភិបាល នីតិកាលទី៧ សូមបើក «ខួរក្បាល​ បើត្រចៀក​ បើកភ្នែក» មើលឱ្យបានច្បាស់នូវអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើសព្វថ្ងៃ​ដើម្បីជួយដល់ប្រជាពលរដ្ឋ មុននឹងចាប់ផ្តើម «បើកមាត់» និយាយដោយមិនបានដឹងអ្វី ហើយចេះតែនិយាយរឿងមិនពិត។

លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ នាឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តរៀបចំវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបានថ្លែងថា កម្មវិធីគោលនយោបាយអទិភាព ៦ចំណុច របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺមានមហិច្ឆតាខ្ពស់ និងធំធេងណាស់​ដែលហ៊ានដាក់ចេញនូវគោលនយោបាយមួយដ៏ធំ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមានការធានារ៉ាប់រងផ្នែកសុខភាព ការធានាឱ្យប្រជាពលរដ្ឋគ្រប់គ្នាមានមុខជំនាញ និងប្រាក់ចំណូល ការធានានូវពេលដែលប្រជាពលរដ្ឋជួបគ្រោះអាសន្នផ្សេងៗ គឺរដ្ឋជួបគាំពារ ដូចនេះហើយគោលនយោបាយនេះ គឺជួបដល់ប្រជាពលរដ្ឋសព្វគ្រប់ទាំងអស់។

ទាក់ទងនឹងការនិយាយបំភ្លៃការពិតរបស់មនុស្សចំនួនមកលើរាជរដ្ឋាភិបាល, លោក ប៉ែន បូណា បានថ្លែងដូចនេះថា «ខ្ញុំសូមផ្ញើសារដែរ ទៅអ្នកដែលអង្គុយរិះគន់ អ្នកដែលអង្គុយជេររដ្ឋាភិបាលសព្វថ្ងៃនេះ សូម​ឱ្យបើកភ្នែកមើលឱ្យច្បាស់ថា រាជរដ្ឋាភិបាលបានធ្វើអី បើកត្រចៀកស្តាប់គេពន្យល់ថាគេធ្វើអីខ្លះ បើកខួរក្បាលពិចារណាឱ្យច្បាស់មុននឹងបើកមាត់និយាយ»

លោក ប៉ែន បូណា បានបន្ថែមថា រឿងនេះសំខាន់ណាស់ពីព្រោះអ្នករិះគន់សព្វថ្ងៃនេះ បើកតែមាត់ទេ និយាយអត់បានមើល អត់បានស្រាវជ្រាវ អត់បានសិក្សាអ្វីទាំងអស់ ចេះតែនិយាយបើកតែមាត់ បែរជាភ្នែកបិទ ត្រចៀកបិទ ខួរក្បាលបិទ ហើយមាត់ចេះតែនិយាយទៅដោយមិនបានដឹងអ្វីទាំងអស់។

លោកបានបន្ថែមទៀតថា សូមអ្នកពូកែរិះគន់ពិនិត្យមើលឱ្យច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយគោលនយោបាយនេះវាពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល​គឺបានធ្វើអ្វីៗ​ដើម្បីតែប្រជាពលរដ្ឋ៕