(ភ្នំពេញ)៖ ថ្លែងក្នុងកម្មវិធីសន្និសីទរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧, លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញពីការសោកស្ដាយដែលកម្ពុជាមានក្រុមប្រឆាំងជ្រុលនិយមមួយ ដែលប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ គឺប្រឆាំងឱ្យបានតែប្រឆាំងប៉ុណ្ណោះ។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានធ្វើសកម្មភាពជំទាស់នឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលមួយ ដែលផ្តល់នូវអត្ថប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចសង្គមកម្ពុជា។ មិនតែប៉ុណ្ណោះ ពួកគេបានធ្វើសកម្មភាពញុះញង់បំភ្លៃលើកិច្ចសហប្រតិបត្តិការត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយបំផុសចលនាឱ្យយុវជនតវ៉ាបះបោដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ថែមទៀត។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការណ៍ដែលនាំឱ្យមានការៀបចំគម្រោងបាតុកម្មទម្លាក់រដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ទោះបីជាគម្រោងនេះបរាជ័យក្តី, លោក ប៉ែន បូណា បានថ្លែងថា ប្រទេសកម្ពុជាពិតជាអកុសល ដោយសារតែមានគណបក្សប្រឆាំងបែបជ្រុលនិយម ប្រឆាំងដោយមិនប្រកបដោយន័យស្ថាបនា ប៉ុន្តែទៅជាប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ខ្លួនឯង ប្រឆាំងឱ្យបានតែប្រឆាំង ដោយមិនបានសម្លឹងមើលទិដ្ឋភាពជាក់ស្ដែងទាល់តែសោះ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបន្ថែមថា បើសម្លឹងមើលពីធនធានរបស់ក្រុមប្រឆាំងជ្រុលនិយមសព្វថ្ងៃនេះ ដែលមានអ្នកនយោបាយចាស់ៗមិនបានសិក្សាពីគោលនយោបាយជាតិ ផលប្រយោជន៍ជាតិទេ ក្រៅតែពីការនិយាយចោទប្រកាន់ឱ្យខ្មែរបែកបាក់សាមគ្គី ជាសម្ដីដែលហាមាត់ពេលនេះគឺចេញភ្លើងពេលនោះ បង្កជាការញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរស្អប់រដ្ឋាភិបាល។ ដោយឡែកយុវជនដែលជាសមាជិកនៃក្រុមប្រឆាំងនៅក្រៅប្រទេសមួយចំនួន មិនបានបង្ហាញឱ្យឃើញពីភាពចេះដឹងរបស់ខ្លួន ដើម្បីឱ្យយុវជនផ្សេងៗស្ដាប់ពិចារណាទេ បែរជាដើរតាមដានរបស់រាមច្បងរបស់គេដោយប្រើភាសាបំផ្លើសបំផ្លៃ ធ្វើយ៉ាងណាឱ្យប្រជាជនច្របូកច្របល់ ជាភាសាមិនបញ្ជាក់ពីភាពជាបញ្ញវ័ន្តសោះឡើយ។ បន្ថែមពីនេះ រដ្ឋមន្រ្តីប្រតិភូក៏បានលើកឡើងពីក្រុមអ្នកឃោសនារបស់បក្សប្រឆាំង ដែលមិនបានជួយផ្សព្វផ្សាយដល់យុវជនខ្មែរឱ្យធ្វើសិក្សា ដើម្បីទទួលបានចំណេះដឹងខ្ពស់នោះទេ ក្រៅតែពីពាក្យចាក់រុក។
លោក បានគូសបញ្ជាក់ថា៖ «តាមរយៈធនធានទាំងបីនេះ ទើបធ្វើឱ្យមានការរៀបចំធ្វើបាតុកម្ម ឱ្យមានភាពវឹកវរ បញ្ឆេះកំហឹង ដើម្បីធ្វើការប្ដូររំលំរដ្ឋាភិបាលថ្មីនេះ ហើយកុំបដិសេធឱ្យសោះដ្បិតមានសារសំឡេងជាភស្តុតាងហើយ ដែលដូចទៅនឹងព្រឹត្តិការណ៍ ១៧ មេសា ១៩៧៥ កើតដោយសារតែកំហឹង ស្អប់ខ្ពើមជាតិសាសន៍ឯង កាប់សម្លាប់អ្នកដែលស្អប់ ហើយបច្ចុប្បន្នក្រុមប្រឆាំងកំពុងតែដើរតាមដានចាស់របស់សម័យ ប៉ុល ពត ហើយអ្នកដែលគាំទ្ររដ្ឋាភិបាល អ្នកមាន គេចោទថាជាមនុស្សគួរឱ្យស្អប់ខ្ពើម....បើពួកគេបានអំណាចនៅក្នុងដៃ តើវាទៅជាយ៉ាងម៉េច?»។
បន្ថែមពីនេះ លោកបានបង្ហាញពីភាពរឹងមាំរបស់ រាជរដ្ឋាភិបាលអាណត្តិនេះ ដែលឈរធានាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី ការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយបើមិនមានរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនទេនោះ ម្ល៉ោះប្រទេសកម្ពុជានឹងធ្លាក់ចូលក្នុងប្រវត្តិសាស្រ្តចាស់ តាមរយៈនយោបាយផ្ដួលរំលំដោយប្រើកម្លាំងក្រៅប្រព័ន្ធបោះឆ្នោត។ លោកបានសង្កត់ធ្ងន់ថា «អ្នកខ្លះអួតថាខ្លួនប្រជាធិបតេយ្យ ប៉ុន្តែបែរជាមិនទទួលស្គាល់ប្រព័ន្ធបោះឆ្នោត តែព្យាយាមប្រើប្រាស់មធ្យោបាយមិនប្រជាធិបតេយ្យដើម្បីដណ្ដើមអំណាចទៅវិញ»។
ជាថ្មីម្ដងទៀត លោក ប៉ែន បូណា បានបញ្ជាក់ថា អ្វីដែលក្រុមប្រឆាំងបានរៀបចំកន្លងមក គឺផ្ទុយពីរដ្ឋាភិបាលទាំងស្រុង ខណៈដែលរដ្ឋាភិបាលកម្ពុជាព្យាយាមអង្គុយសិក្សាស្រាវជ្រាវដើម្បីរៀបចំជាយុទ្ធសាស្រ្ត តាំងពីយុទ្ធសាស្រ្តត្រីកោណ ចតុកោណ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រហូតទៅដល់ដំណាក់កាលតទៅមុខទៀតដល់ឆ្នាំ២០៥០ សុទ្ធតែកើតចេញពីការគិតគូរ គូសវាសពិចារណា ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជាតិទាំងមូល៕