(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលអាចហៅបានថា ជាបញ្ញវន្តខ្មែរមួយរូប បានប្រតិកម្មចំពោះ ក្រុមជ្រុលនិយមក្រៅប្រទេសដែលចោទលោក និងលោក ប៉ែន បូណា ថា «លក់ឧត្តមគតិឱ្យរាជរដ្ឋាភិបាល បម្រើនយោបាយឱ្យបរទេស មិនមែនជាអ្នកស្នេហាជាតិ»ជាដើម ដោយលោកបានបញ្ជាក់ទៅវិញថា លោកក៏ជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលចង់បម្រើជាតិដែរ តែដោយសារលោក និងលោក ប៉ែន បូណា មិននៅខាងពួកជ្រុលនិយមទាំងនោះ ទើបពួកគេចោទថា «ក្បត់ជាតិ លក់ក្បាល» ទៅវិញ។
ការប្រតិកម្មនេះធ្វើឡើងក្នុងកម្មវិធីសន្និសីទបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងថា «ពួកគេចោទរាជរដ្ឋាភិបាល ចោទមនុស្សដូចខ្ញុំ និងឯកឧត្តម ប៉ែន បូណា (ថា) មនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន បម្រើតែប្រយោជន៍បរទេស ជួនកាលគេចោទថា "បម្រើវៀតណាម" ជួនកាលគេចោទថា "បម្រើចិន" ស្រេចតែអំពើចិត្តរបស់ពួកគេ»។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្តថា តាមការស្រែកពីក្រៅប្រទេស ពួកជ្រុលនិយម និងប្រជានិយមអស់នេះ ចង់កំណត់សិទ្ធិរបស់លោកថាលោកគ្មានសិទ្ធិស្នេហាជាតិ គ្មានសិទ្ធិអះអាងជាអ្នកជាតិនិយម ខណៈពេលដែលអំឡុងពេល៣០ឆ្នាំចុងក្រោយនេះ លោកបានចែករំលែកចំណេះដឹងដល់យុវជន ដល់សង្គមខ្មែរ ស្របពេលដែលពួកគេចែកចាយពាក្យសម្អប់ កំហឹង ការវែកញែកឱ្យឆ្ងាយពីគ្នារវាងស្រទាប់វណ្ណៈ បង្កឱ្យមានបញ្ហារវាងខ្មែរ និងខ្មែរជាដើម។
បញ្ញវន្តខ្មែររូបនេះ បានផ្ដាំទៅពួកជ្រុលនិយមទាំងនោះថា «មើលភ្នែកខ្ញុំឱ្យមែនទែន ខ្ញុំក៏ជាពលរដ្ឋម្នាក់ដែរ ខ្ញុំរស់នៅបរទេស៣០ឆ្នាំ ធ្វើការឱ្យបរទេស៣០ឆ្នាំក្នុងវិទ្យុបារាំងអន្តរជាតិ ធ្វើការឱ្យបរទេសដើម្បីបម្រើប្រយោជន៍ខ្មែរ ផ្សព្វផ្សាយព័ត៌មានដើម្បីបម្រើផលប្រយោជន៍ខ្មែរ តែបែរជាពួកជ្រុលនិយមទាំងនោះមកជេរថា ខ្ញុំលក់ឧត្តមគតិ ក្បត់ជាតិ អត់មានសិទ្ធិឈរនៅខាងអ្នកជាតិនិយម ឬអ្នកស្នេហាជាតិ»។
បើតាមការបន្ថែមរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ចំពោះពួកជ្រុលនិយម ប្រជានិយមទាំងនោះ កាលណាមានមនុស្សនៅខាងពួកគេ គេចាត់ទុកថាជាអ្នកជាតិនិយម រីឯអ្នកមិននៅខាងពួកគេ គេចាត់ទុកថា សុទ្ធសឹងជាអ្នកក្បត់ជាតិ តួយ៉ាងដូចជាលោក ប៉ែន បូណា និងរូបលោក (តាន់ ហ្សង់ហ្វ្រង់ស័រ) គឺត្រូវបានគេចោទថា «ជាមនុស្សក្បត់ជាតិ លក់ក្បាល លក់ខ្លួន» ពីព្រោះលោកទាំងពីរនាក់ មិនជ្រើសរើសនៅជាមួយពួកជ្រុលនិយមទាំងនោះ៕