(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវជាថ្មីម្ដងទៀតទៅកាន់ប្រជាពលរដ្ឋទាំងអស់ «កុំចាញ់ កុំចូល កុំជឿតាមការញុះញង់ ឬ ល្បិចកលនយោបាយរបស់ជនទ្រុស្តជាតិ»។ ក្រោយក្រុមអ្នកនយោបាយប្រឆាំងតែងតែប្រើប្រើប្រាស់ល្បិចកលនយោបាយដដែលតាមរយៈការញុះញង់បំបែកបំបាក់សាមគ្គីជាតិ។

ជាមួយគ្នានេះលោកបណ្ឌិតបានអះអាងថាលោកបណ្ឌិតផ្ទាល់ ព្រមជាមួយរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យប្រជាពលរដ្ឋយើងមានទិន្នន័យ និងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល ខ្វាយខ្វល់មិនយល់ការ តវ៉ាមិនយល់សាច់រឿង សឿងបឿងទាំងងងឹតងងល់ វិលវល់តាមតែឧបាយគេបំពុលយើង ស៊ើងមមើងដូចទើបភ្ញាក់ពីដេក។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានបន្តថា៖ «អ្វីដែលខ្ញុំខំប្រឹងនិយាយ និងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាព និងនិរន្តរភាពជាតិ ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹងនិងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន»

យ៉ាងណាមិញលោកបណ្ឌិតជឿថា៖ «មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្ត នឹងការនិយាយនិងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរសនិងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង លក់ក្បាល លក់ឧត្តមគតិ ដើម្បីលុយកាក់ បុណ្យសក្ដិ និងមុខតំណែងជាដើម។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានលក់អ្វីឱ្យនរណា ហើយក៏មិនបានលុយកាក់ បុណ្យស័ក្តិ ឬមុខតំណែងអ្វីពីការនិយាយឬការសរសេររបស់ខ្ញុំមួយកាក់មួយសេនណានោះទេ។ អ្វីដែលខ្ញុំបាននិងកំពុងធ្វើ គឺខ្ញុំត្រូវគប្បីចំពោះខ្លួនឯង ប្រជាជន និងប្រទេសជាតិ។ ខ្ញុំជាមន្ត្រីរាជការសាធារណៈ ខ្ញុំមានកាតព្វកិច្ចបម្រើប្រយោជន៍សាធារណៈតាមតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន ខ្ញុំមានកាតព្វកិច្ចគោរពឋានានុក្រមរដ្ឋបាល គោរពថ្នាក់ដឹកនាំ និងមានប្រជាជនជាម្ចាស់»

អ្វីដែលយើងទាំងអស់គ្នាប្រាថ្នាចង់ឃើញ គឺសង្គមយើងដែលមានប្រជាជនខ្លាំងទាំងអស់គ្នា គឺខ្លាំងដោយសមត្ថភាព បញ្ញា ស្មារតី មនសិការ និងឧត្តមគតិជាតិ សុខភាពល្អ និងមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិ។ ប្រជាជនជាកោសិកានៃសង្គម ប្រជាជនខ្លាំងសង្គមខ្លាំង ប្រជាជនខ្សោយសង្គមក៏ខ្សោយដែរ។ នេះគឺជាការបញ្ជាក់បន្ថែមទៀតរបស់លោកបណ្ឌិត គិន ភា។

នៅក្នុងនាមជាអ្នកវិទ្យាសាស្រ្តនយោបាយមួយរូប លោកបណ្ឌិត គិន ភា បានបញ្ជាក់ទៀតថា៖ «យើងប្រាថ្នាចង់ឃើញប្រជាជនយើងជឿលើវិទ្យាសាស្ត្រ ជាងជាងមន្តអាគម ជឿលើសមត្ថភាព ជាជាងការបន់ស្រន់ ជឿលើហេតុផល ជាជាងប្រជាភិថុតិ ជឿលើការពន្យល់តាមបែបវិទ្យាសាស្ត្រនិងផ្លូវច្បាប់ ជាជាងពាក្យចចាមអារ៉ាម ជឿលើសកម្មភាពនិងសមិទ្ធផលជាក់ស្តែង ជាជាងវោហាសាសព្ទនយោបាយ ជឿលើជាតិខ្លួនឯង ជាជាងការញុះញង់របស់រទេស ជឿលើសច្ចធម៌ ជាជាងសីលធម៌ក្លែងក្លាយ ជឿលើសន្តិភាពជាក់ស្តែង ជាជាងសង្គ្រាមស្រមោល ជឿលើអ្នកនៅជាមួយយើង ជាជាងអ្នករត់ចោលស្រុក ជឿលើភ្នែកខ្លួនយើង ជាជាងមាត់របស់អ្នកនៅឆ្ងាយរាប់ពាន់យោជន៍ ចុងក្រោយ សុំជឿលើខ្មែរ ជាជាងជាតិសាសន៍ដទៃ»

សម្រាប់ករណីតំបន់ត្រីកោណអភិកម្ពុជា ឡាវ និងវៀតណាម (CLV-DTA) លោកបណ្ឌិត គិន ភា បានសូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ កុំច្រួលច្របល់ ព្រោះវាជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ អប់រំ និងវិនិយោគ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនមែនជាការកាត់ទឹកកាត់ដី ឬ ការដាក់ខេត្តខ្មែរទាំងបួនទៅអភិវឌ្ឍរួមគ្នាដូចការលើកឡើងរបស់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួននោះទេ។ អ្នកនយោបាយ និងអ្នកវិភាគមួយទាំងនោះ អ្នកខ្លះមិនដែលស្គាល់តំបន់ CLV-DTA ហ្នឹងបែរមុខទៅណាផង ដីមួយដុំត្រុំមួយដើម ក៏មិនស្គាល់ផង តែនិយាយធ្វើដូចជាច្បាស់ណាស់អីចឹង។

សម្រាប់លោកបណ្ឌិត លោកគាំទ្រទាំងស្រុងចំពោះការពន្យល់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរបស់រាជបណ្ឌិត្យសភាកម្ពុជាកន្លងមក ព្រមទាំងជឿជាក់លើរាជរដ្ឋាភិបាលនិងគាំទ្រក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ជាតិយើងដំណាលគ្នា នឹងការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តអភិវឌ្ឍតំបន់ព្រំដែន តាមរយ:ការកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន សាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម ទីផ្សារ ការវិនិយោគ និងបង្កលក្ខខណ្ឌអំណោយផលផ្សេងទៀត ដើម្បីលើកទឹកចិត្តឱ្យប្រជាជនយើងទៅរស់នៅតំបន់ព្រំដែនឱ្យបានកាន់តែច្រើន។

ជុំវិញករណីនេះលោកបណ្ឌិត គិន ភា នៅតែបន្តអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់មេត្តាកុំជឿតាមការញុះញង់ ឬ ល្បិចកលនយោបាយរបស់ជនជ្រុលនិយមនិងឱកាសនិយមទាំងខ្មែរនិងបរទេសមួយចំនួន ដែលចង់រុញឱ្យប្រទេសជាតិធ្លាក់ក្នុងភាពចលាចលនិងភាពវឹកវរនយោបាយឱ្យសោះ យើងទាំងអស់គ្នាជាចំណែកមួយនៃភាពសុខសាន្តរបស់ជាតិយើង៕