(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្រ្តីរបស់ប្រជាពលរដ្ឋខ្មែរពិតៗ និងជាមេដឹកនាំដែលចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនជាងគេបំផុត ហើយកម្រមាន មេដឹកនាំពិភពលោកណាម្នាក់ ចុះផ្ទាល់ច្រើនបែបនេះណាស់។
លោក ប៉ែន បូណា បានលើកឡើងបែបនេះក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើសន្និសីទសារព័ត៌មានបង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
បើតាម លោក ប៉ែន បូណា, ក្នុងរយៈពេល១ឆ្នាំ ដែលសម្តេចធិបតីបានកាន់ដំណែងជានាយករដ្ឋមន្រ្តី សម្តេចបានធ្វើសកម្មភាពជាច្រើន ហើយសកម្មភាពសំខាន់ៗនោះ គឺការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ភេទ ដែលគិតត្រឹមក្នុងរយៈពេល១ឆ្នាំមកនេះ មានចំនួន១៥២លើក ដែលស្ទើរតែស្មើនឹង៥០% នៃសកម្មភាពពេញមួយឆ្នាំនេះ។ ក្រៅពីនេះ សម្តេចធិបតីបានជួយជាមួយភ្ញៀវបរទេស១២៩លើក ប្រជុំគណៈរដ្ឋមន្រ្តី៩លើក និងសកម្មភាពការងារជាច្រើនទៀត ដែលសម្តេចធិបតីបានដោះស្រាយ។
លោកបានលើកឡើងយ៉ាងដូច្នេះថា «ដូច្នេះតាមរយៈទិន្នន័យនេះយើងអាចសន្និដ្ឋានច្បាស់ណាស់ថា នាយករដ្ឋមន្រ្តីកម្ពុជា ជាមេដឹកនាំដែលចុះផ្ទាល់ជាមួយប្រជាពលរដ្ឋច្រើនបំផុត ហើយកម្រណាស់ ដែលមានមេដឹកនាំណាមួយពិភពលោក ធ្វើបែបនេះ»។
លោកបានឱ្យដឹងថា ការចុះជួបផ្ទាល់នេះ មិនមែនធ្វើឡើងដោយប្រជាភិថុដូចការលើកឡើងមួយចំនួននោះទេ គឺដើម្បីដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋ និងកម្មករកម្មការិនីជួបប្រទះ ក៏ដូចជាទៅសម្ពោធសមិទ្ធផលនានាសម្រាប់ប្រជាពលប្រើប្រាស់។
លោកបានបញ្ជាក់ថា ការចុះជួបផ្ទាល់ សួរសុខទុក្ខ ដោះស្រាយបញ្ហាផ្ទាល់ៗជាមួយប្រជាពលរដ្ឋ គឺជាប្រពៃណីនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្កើតប្រពៃណីនេះឡើង ហើយគ្រប់ថ្នាក់ដឹកនាំទាំងអស់បានអនុវត្តរហូតមកដល់បច្ចុប្បន្ននេះ។
ការចុះជួបជាមួយប្រជាពលរដ្ឋ មិនមែនតែសម្តេចនាយករដ្ឋមន្រ្តីនោះទេ គឺទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុមការងារគណបក្ស ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តំណាងរាស្រ្ត តែងបានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ប៉ែន បូណា។
លោកបានគូសបញ្ជាក់ទៀតថា ការស្ថិតនៅជាប់ជាមួយប្រជាពលរដ្ឋនេះហើយ ទើបគណបក្សប្រជាជនកម្ពុជា ក្លាយទៅជាជម្រើសនូវរាល់ការបោះឆ្នោតម្តងៗ ដោយប្រជាពលរដ្ឋបានទុកចិត្តដល់រាជរដ្ឋាភិបាល៕