(ពោធិ៍សាត់)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចឃុំខ្លួនបុរសម្នាក់ ក្រោយត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការបង្ហោះសារកៀរគរឲ្យប្រជាពលរដ្ឋ ចូលរួមប្រឆាំងផ្ដួលរំលំរាំជរដ្ឋាភិបាលស្របច្បាប់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
សូមជម្រាបថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានចុះប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតគណនី ហ្វេសប៊ុក (Facebook) ឈ្មោះ Bun Thoeun ដែលប្រើប្រាស់ដោយជនសង្ស័យ ឈ្មោះ ដួង ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ បានធ្វើការបង្ហោះចែករំលែកពត៌មានដោយភ្ជាប់ជាមួយខ្លឹមសារ ក្នុងន័យបំផុសបំផុល កៀរគរឲ្យមហាជនចូលរួមប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្រោយមកសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដួង ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ភូមិ ស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងបានដកហូតទូរស័ព្ទដៃម៉ាក Iphone 11 pro max ពណ៌មាស ចំនួន០១ គ្រឿង។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពីទទួលបានសំណុំរឿង ពិនិត្យភស្តុតាងដែលដកហូត និងធ្វើការសាកសួរចម្លើយជនសង្ស័យតាម នីតិវិធីរួច តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យខាងលើ ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឲ្យស៊ើបសួរលេខ៖ ២៦៧៣ អ.ក/២៤ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕