(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ ផ្សព្វផ្សាយដល់សិស្ស ឬយុវជនឲ្យមកទទួលការបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈ។
ការអំពាវនាវបែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនីវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូក្មួយៗយុវជន សិស្ស និស្សិត និងសិក្ខាកាម។
ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បាននាំមកនូវបណ្តាំផ្ញើរសួរសុខទុក្ខនឹករលឹកពរជ័យពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជូនចំពោះ មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ ក្មួយៗ សិក្ខាកាម សិស្ស និស្សិតទាំងអស់។
ក្នុងឱកាសនេះដែរ លោក កែ គឹមយ៉ាន ថ្លែងបន្តដោយអរគុណចំពោះក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ដែលបានបន្តចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសការចូលរួមអភិវឌ្ឍន៍វិស័យអាទិភាពទាំង៥ «មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា» ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទេសន៍វ័យក្មេងឆ្នើម និងពោពេញដោយសមត្ថភាព ចំណេះដឹង និងថាមពល បានផ្តោតការយកចិត្តទុកដាក់ពង្រឹងភាពប្រកួតប្រជែងមូលធនមនុស្សតាមរយៈការផ្គត់ផ្គង់កម្លាំងជំនាញតាមត្រូវការទីផ្សារការងារទាំងក្នុងប្រទេស និងតំបន់ បន្តយកចិត្តទុកដាក់លើការងារ បណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ១.៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀល ក្នុងមួយខែ ដើម្បីមានជំនាញមួយពិតប្រាកដ អាចបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារតាមរោងចក្រសហគ្រាសបាន។
ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមរក្សានូវសន្តិភាព កិច្ចសហការល្អជាមួយប្រទេសជិតខាង គាំទ្រនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា ឡាវ វៀតណាម និងគាំទ្រការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ អាជ្ញាធរគ្រប់ថ្នាក់អង្គភាពពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយនិងពន្យល់ណែនាំសិស្ស ឬយុវជនឲ្យមកទទួលការបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈ សម្រាប់ប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត បន្តជួយគាំទ្រដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា នៅតាមមូលដ្ឋានរស់នៅ និងបន្តបំផុសចលនា កីឡា ពង្រឹងកាយសម្បទា ចាកឲ្យឆ្ងាយពីអបាយមុខនានា ការសេពគ្រឿងស្រវឹង គ្រឿងញៀនដែលបំផ្លាញដល់សុខភាព និងអនាគតផ្ទាល់ខ្លួន។
ជាមួយនឹងការបិទវគ្គបណ្តុះបណ្តាល លោក កែ គឹមយ៉ាន បាននាំយកនូវអំណោយសរុបជាថវិកាចំនួន១៤លានរៀល សារ៉ុង ៥០១ និងឧបករណ៍សម្រាប់ជាងជួសជុលអគ្គិសនីចំនួន២៩ឈុត ផងដែរ៕