(ពោធិ៍សាត់)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយបសុពេទ្យខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បាននាំយកផលិតផលសាច់ជ្រូកបង្កក ខូចគុណភាព សរុបចំនួន២០កេះ លើ១០មុខ ស្មើនឹង១,៣១៥គីឡូក្រាម ដែលបានចុះត្រួតពិនិត្យ និងបង្រ្កាបបាន នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ទៅដុតបំផ្លាញចោល។
ប្រតិបត្តិការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីតាំងដីស្រែមួយកន្លែង ក្បែរវត្តបឹងគល់ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោយពីបានបំពេញនីតិវិធី និងបង់ផាកពិន័យ ចំពោះបុគ្គលជាអ្នកដឹកជញ្ជូននោះរួចរាល់។
បើតាម លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា សាច់ជ្រូកបង្កកខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកក្រគរ ធ្វើការឃាត់បាន នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
លោកស្នងការរងបន្តថា សាច់ជ្រូកបង្កកនោះ ដឹកតាមរថយន្ត ម៉ាក Hyundai starex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BF-8156 បើកបរដោយឈ្មោះ អ៊ុយ ច័ន្ទរ៉ា (អ្នករត់តាក់ស៊ី) ក្នុងទិសដៅពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ ដោយពុំមានឯកសារបញ្ជាក់ច្បាស់លាស់។ លោកស្នងការរង បានបន្ថែមថា ក្រោយឃាត់បាន កម្លាំងរបស់លោក បានប្រគល់កិច្ចការងារ ដល់មន្ត្រីជំនាញការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ដើម្បីចាត់ការបន្តតាមនីតិវិធី។
ប្រភពពីលោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឱ្យដឹងដែរថា ក្រោយទទួលកិច្ចការពីកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត មន្ត្រីរបស់លោក បានបំពេញនីតិវិធី និងបានយកសាច់ជ្រូកបង្កកខូចគុណភាព ទៅបំផ្លាញចោល សរុបចំនួន២០កេះ លើ១០មុខ ស្មើនឹង១,៣១៥គីឡូក្រាម ក្នុងនោះរួមមាន៖
១-ឆ្អឹងជំនីជ្រូក ចំនួន២៧៤គីឡូក្រាម
២-ក្រលៀនជ្រូក ចំនួន៦០គីឡូក្រាម
៣-ជើងជ្រូក ចំនួន៧២គីឡូក្រាម
៤-ក្រពះជ្រូក ចំនួន៤៤៤គីឡូក្រាម
៥-អណ្ដាតជ្រូក ចំនួន១២៤គីឡូក្រាម
៦-ពោះ-ច្រមុះជ្រូក ចំនួន៦២គីឡូក្រាម
៧-បេះដូង និងខួរជ្រូក ចំនួន៧៦គីឡូក្រាម
៨-ត្រចៀក-ក្រពះជ្រូក ចំនួន៦៨គីឡូក្រាម
៩-បេះដូងជ្រូកចំនួន ៦៩គីឡូក្រាម
១០-ក្រចកជ្រូកចំនួន ៦៦គីឡូក្រាម៕