(ភ្នំពេញ)៖ លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំយកអាហាររូបករណ៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងគ្រឹះស្ថានសិក្សា ចំនួនប្រមាណ៦០កន្លែង ផ្តល់ជូនដល់ក្មួយៗសិស្សានុសិស្ស ដែលទើបនឹងប្រឡងបាក់ឌុប ក្នុងឆ្នាំសិក្សា២០១៦នេះ នៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
អាហាររូបករណ៍ប្រមាណ៦០កន្លែងនោះ រួមមាន កំរិតបរិញ្ញាបត្រ ៣១កន្លែង បរិញ្ញាបត្ររង១០កន្លែង និងជំនាញឯកទេសចំនួន៣០កន្លែង។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្មួយៗយុវជន ជាកូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាពបន្តការសិក្សាក្រោយពីប្រឡងជាប់ និងធ្លាក់បាក់ឌុប និងសិស្សបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ (កំរិតអនុវិទ្យាល័យ)។
លោក ស្វាយ ស៊ីថា បានបញ្ជាក់ថា ការប្រគល់ជូនដល់យុវជនក្នុងឃុំកុមារាជាដែលទើបប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំ២០១៦ គឺបានបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ ពីព្រោះធនធានមនុស្ស គឺជាកត្តានិងជាទុនចាំបាច់ខ្វះមិនបានសម្រាប់ការកសាងប្រទេសជាតិ អោយរីកចំរេីនជឿនលឿន ។
លោក ស្វាយ ស៊ីថា ក៏បានចែករំលែកផងដែរនូវបទពិសោធន៍មួយចំនួនសម្រាប់តម្រង់ ទិសដៅអនាគតរបស់ក្មួយៗ ឲ្យមានការ សម្រេចចិត្តឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ក្នុងការជ្រើសរើសយកមុខវិជ្ជា និងជំនាញណាមួយដែលខ្លួនត្រូវបន្តការសិក្សានោះ គប្បីគិតអំពីការវិវត្តរីកចម្រើនរបស់ប្រទេសជាតិទៅមុខរយៈពេលពី៥ ឬ១០ ទៅ២០ឆ្នាំទៅមុខទៀត និងត្រូវស្វែងយល់ពីទីផ្សារការងារ និងក៏ត្រូវរើសមុខជំនាញឲ្យសមស្របទៅនឹងសមត្ថភាពរបស់ខ្លួន ។ ប៉ុន្តែ លោកស្វាយ ស៊ីថា ក៏បានសង្កត់ធ្ងន់ផងដែរថា ដើម្បីបានសម្រេចតាមទិសដៅ ដែលជាជោគជ័យនៃការសិក្សានោះ គឺយុវជនទាំងអស់ត្រូវតែចូលរួមថែរក្សា និងធានាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាព នយោបាយដែលគ្មានភាពវឹកវរចលាចលក្នុងសង្គម ទើបប្រទេសជាតិអាចរីកចម្រើនទៅបាន។
ក្នុងឱកាសនោះ លោក ស្វាយ ស៊ីថា ក៏បានផ្តាំផ្ញើដល់យុវជនផងដែរឲ្យខិតខំរៀនសូត្រឲ្យបានជោគជ័យ ដើម្បីយុវជនម្នាក់ៗ ក្លាយជាយុវជន យុវនារី ដែលមានផលប្រយោជន៍ ចំពោះខ្លួនឯង ផលប្រយោជន៍ចំពោះគ្រួសារ និងផលប្រយោជន៍ចំពោះសង្គមជាតិផងដែរ។ ជាមួយគ្នានេះ លោក ស្វាយ ស៊ីថា ក៏បានជំរុញឲ្យក្មួយៗទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ដោយត្រូវតែទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។
បន្ទាប់ពីផ្តល់ជូននូវអាហាររូបករណ៍ដល់ក្មួយៗ យុវជនរួចហើយនោះ លោក ស្វាយ ស៊ីថា ក៏បានចែកជូននូវថវិកាផ្ទាល់ខ្លួនប្រមាណ៤០ម៉ឺន រៀលសម្រាប់លើកទឹកចិត្តដល់យុវជន យុវនារី និងថវិកាមួយចំនួនទៀតជូនដល់លោកគ្រូបង្រៀនក្នុងឃុំ ដែលបានប្រឹងប្រែងសម្របសម្រួលដល់ក្មួយៗ ឲ្យបានជួបជុំពិភាក្សាគ្នា ក្នុងការទទួលអាហាររូបករណ៍នៅថ្ងៃនេះ។
ក្រោយពេលបញ្ចប់ការសំណេះសំណាល លោក ស្វាយ ស៊ីថា ក៏បានធ្វើដំណើរចុះសួរសុខទក្ខផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងភូមិមួយចំនួនក្នុងឃុំ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងរិះរកដំណោះស្រាយ ដើម្បីការអភិវឌ្ឍភូមិឃុំឲ្យបានកាន់តែរីកចម្រើន និងជាពិសេសគឺការពង្រឹងការអនុវត្តសេវា សាធារណៈ និងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព៕