(ទីក្រុងអ៉ីស៊ូ-ប្រទេសចិន)៖ កម្មវិធី «សប្តាហ៍រូបថត និងវីដេអូអន្តរជាតិមេគង្គ-ឡានឆាង» ឆ្នាំ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៉ីជម្រៅ ក្នុងការរួមគ្នាថែរក្សា ការពារដងទន្លេមេគង្គ ត្រូវបានបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នាទីក្រុងអ៉ីស៊ូ (Yushu) ខ្ពង់រាបទីបេ ខេត្តឈីងហៃ ប្រទេសចិន ដែលជាប្រភពដើមនៃប្រភពទឹកទន្លេមេគង្គ។
ពិធីនេះ មានការចូលរួមពីមន្ត្រីបក្សកុម្មនីស្តចិន ប្រចាំក្រុងអ៉ីសូ, ថ្នាក់ដឹកនាំទីក្រុងអ៉ីស៊ូ, ប្រធានមន្ទីរព័ត៌មានទីក្រុងអ៉ីស៊ូ, បណ្តាមន្ត្រីស្ថានទូតទាំង ៦ប្រទេស នៃតំបន់មេគង្គ-ឡានឆាង រួមមានចិន មីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម ព្រមទាំងមានចូលរួមពីប្រតិភូបណ្តាសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកថតរូប និងថតវីដេអូអាជីព ដែលអញ្ជើញមកពីបណ្តាប្រទេសនៃតំបន់មេគង្គ-ឡានឆាង និងសារព័ត៌មានអន្តរជាតិមួយចំនួនទៀត សរុបប្រមាណជាង ១២០នាក់។
សម្រាប់សារព័ត៌មានមកពីកម្ពុជា រួមមាន៖ បណ្តាញព័ត៌មាន Fresh News, ទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) និងសារព័ត៌មាន AMS ផងដែរ។
ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំនូវអ្នកជំនាញសារព័ត៌មាន មកពីប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការ Lancang-Mekong (LMC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភពទន្លេមេគង្គ។
ព្រឹត្តិការណ៍នេះ ក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមបានស្វែងយល់ និងទស្សនាភាពស្រស់ស្អាតនៃប្រភពទឹកទន្លេមេគង្គ និងស្វែងយល់ប្រព័ន្ធជីវចម្រុះដ៏សម្បូរបែបក្នុងតំបន់។
កម្មវិធីនេះរួមមានវេទិកាពិភាក្សាជាក្រុម, ដំណើរទេសចរណ៍ទៅកាន់តំបន់ប្រភពទឹកទន្លេមេគង្គ និងការតាំងពិពរណ៍រូបថត ផ្តោតលើការការពារបរិស្ថាន ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្លាស់ប្តូរវប្បធម៌រវាងបណ្តាប្រទេសទាំង៦។
ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីសារៈសំខាន់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់តាមដងទន្លេមេគង្គផងដែរ។ អ្នកចូលរួមបានពិភាក្សា អំពីតួនាទីដ៏សំខាន់ របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ឱកាស និងបញ្ហាប្រឈម នៅក្នុងតំបន់ LMC។
លោក Wu LiangTao សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្រុង Yushu នៃបក្សកុម្មុយនីស្តចិន បានថ្លែងក្នុងពិធីបើក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា «ព្រឹត្តិការណ៍នេះ ផ្តល់ឱកាសឱ្យអ្នកសារព័ត៌មាន ស្វែងយល់អំពីប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមប្រទេសក្នុងរៀងៗខ្លួន»។
លោកបន្តថា «ព្រឹត្តការណ៍នេះ ជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងកាន់តែរឹងមាំ ក្នុងចំណោមប្រទេស LMC និងការលើកកម្ពស់ការយល់ដឹងពីវប្បធម៌ទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធន៍ និងទស្សនៈ ដើម្បីដោះស្រាយបញ្ហាប្រឈមទន្លេមេគង្គ-ឡានឆាង រួមគ្នា»។
តំណាងមន្ត្រីរដ្ឋាភិបាលចិន បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារ និងថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃដងទន្លេមេគង្គ សម្រាប់មនុស្សជំនាន់ក្រោយ។
ការបង្កើតកិច្ចសហប្រតិបត្តិការ Lancang-Mekong ត្រូវបានធ្វើឡើងក្នុងខែមីនា ឆ្នាំ២០១៦។ LMC រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ផ្តោតលើសសរស្តម្ភចំនួនបី គឺបញ្ហានយោបាយ សន្តិសុខ និងសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការសង្គម និងវប្បធម៌។
LMC មានវិស័យអាទិភាពចំនួន៥ គឺការតភ្ជាប់ សមត្ថភាពផលិតកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន ការគ្រប់គ្រងធនធានទឹក និងកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។
លោក ស៊ុយ ប៊ុនឡាយ លេខាទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសចិន យន្តការ LMC សម្រេចបាននូវសមិទ្ធិផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់ក្នុងតំបន់មេគង្គឡានឆាង និងឈានដល់កម្រិតថ្មីមួយទៀត ដែលជាគំរូដ៏មានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផ្តល់នូវវឌ្ឍនភាពជាប់លាប់ និងគួរឱ្យកត់សម្គាល់ ព្រមទាំងក្លាយជាកិច្ចសហប្រតិបត្តិការកាន់តែរឺងមាំ។
លោកបន្តថា «សប្តាហ៍រូបថត និងវីដេអូអន្តរជាតិ Lancang-Mekong ឆ្នាំ 2024 នឹងដើរតួជាកម្លាំងជំរុញកិច្ចសហប្រតិបត្តិការនាពេលអនាគត គឺអនុញ្ញាតឱ្យអ្នកចូលរួមយល់ពីតម្លៃនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ដែលជាសរសរស្ដម្ភមួយនៃកិច្ចសហប្រតិបត្តិការនេះ និងជំរុញការថែរក្សាសន្តិភាព និងវិបុលភាពនៅក្នុងអនុតំបន់របស់យើង»។
លោកបន្ថែមថា «កម្មវិធីនេះ ក៏នឹងផ្តល់អ្នកចូលរួមយល់ដឹងអំពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ ពង្រីកការភ្ជាប់ទំនាក់ទំនងជាមួយគ្នា និងត្រួសត្រាយផ្លូវសម្រាប់ការសម្របសម្រួលការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការនាពេលអនាគត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឬក្របខណ្ឌដទៃទៀត»។
ព្រឹត្តិការណ៍នេះ មានលក្ខណៈពិសេស ដោយផ្តល់វេទិកាដល់យុវជន តំណាងឱ្យប្រទេស LMC ពិភាក្សាអំពីតួនាទីរបស់ខ្លួន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ LMC, ការចែករំលែករបស់ប្រព័ន្ធផ្សព្វផ្សាយ ជុំវិញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកថតរូប និងការទស្សនាតំបន់ប្រភពទឹក ដើមកំណើតទន្លេមេគង្គ។
យុវជន រុន សុខភិរម្យ តំណាងយុវជនមកពីប្រទេសកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនេះ បានសម្តែងការរីករាយ ជាមួយឱកាសឃើញផ្ទាល់ភ្នែកនូវទីតាំងប្រភពដើមទន្លេមេគង្គ។
លោក សុខភិរម្យ បាននិយាយថា «ព្រឹត្តិការណ៍នេះផ្តល់ឱ្យខ្ញុំបាទ ក្នុងនាមជាយុវជនកម្ពុជា បានឃើញនូវទេសភាពដ៏ស្រស់ស្អាតនៃប្រភពដើមទឹកទន្លេមេគង្គ និងមានឱកាសចូលរួមក្នុងវេទិកា ពិភាក្សាជាមួយយុវជនផ្សេងទៀត លើកិច្ចការរួមចំណែកលើកកម្ពស់ កិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសអនុតំបន់ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ និងប្រកបដោយនិរន្តរភាព»។
សប្តាហ៍រូបថត និងវីដេអូអន្តរជាតិមេគង្គ-ឡានឆាង ឆ្នាំ២០២៤ រៀបចំរួមគ្នាដោយគណៈកម្មាធិការទីក្រុង Yushu នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន, China News Service និងអង្គការជាដៃគូផ្សេងទៀត។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤៕