(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋជិត៣០០នាក់ បានជឿជាក់លើរាជរដ្ឋាភិបាល និងប្តេជ្ញាគាំទ្រចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម។
ការចេញប្តេជ្ញាចិត្តគាំទ្រចំពោះរាជរដ្ឋាភិបាលលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណនេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ហែម សុគន្ធពិសី ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ជូនដល់ប្រជាពលរដ្ឋចំនួន២៦៣នាក់ ស្រី១៧៨នាក់ នៅសាលាឃុំគូលែនត្បូង ស្រុកគូលែន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ កុំឱ្យចាញ់បោកការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូច។
លោកស្រី ហែម សុគុណពិសី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃចូលរួមក្នុងពិធីនេះ ពិសេសបានស្តាប់នូវសារសម្លេងរបស់សម្ដេចតេជោ ហ៊ុន សែន ទាក់ទងទៅនឹងផែនការគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅ នៅបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តភ្ជាប់រវាងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ជាមួយនិងភូមិកោះស្មៅ ស្រុកម៉ឺងខូង ខេត្តចម្ប៉ាសាក់ ក្នុងឱកាសដែលសម្ដេចតេជោ បានថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខណ្ឌ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។
លោកស្រីបានថ្លែងបន្តថា កន្លងទៅថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស បានខិតខំញុះញង់បំផុសបំភ្លៃការពិត ស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ថាជាការបាត់បង់ដីទៅឲ្យប្រទេសជិតខាង ហើយបានញុះញង់ជំរុញយុវជនមួយចំនួនដែលមិនយល់ពីការពិតនាំគ្នាប្រឆាំង ទោះបីមានការពន្យល់ណែនាំពីការពិតជាក់ស្តែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី ស្ថាប័ន ជំនាញ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាច្រើនលើកច្រើនសារយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណង ចង់ធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោត ចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលុប។
លោកស្រី ហែម សុគុណពិសី ក៏បានពន្យល់ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យពួកគាត់មានការយល់ដឹងឲ្យកាន់តែច្បាស់ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដោយលោកស្រីសុំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវតែមានជំនឿទុកចិត្តយ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាល ទៅលើសម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ទាំងការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពសម្បូរសប្បាយ តាំងពីប្រទេសកម្ពុជារងនូវវានាសកម្ម ដោយសារសង្គ្រាម រហូតធ្វើឲ្យប្រទេសរបស់យើងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល ពិសេសប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសម្បូរសប្បាយ និងដោយសុខដុមរមនាតាំងពីក្រោយសង្គ្រាមរហូតមកដល់បច្ចុប្បន្ននេះ៕