(កំពង់ធំ)៖ ក្នុងឱកាសចុះសួរសុខទុក្ខនិងត្រួតពិនិត្យកងកម្លាំងទាំងបី នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថា កងកម្លាំងទាំងបីគឺជាឆ្អឹងខ្នងរបស់ជាតិ។
លោកបញ្ជាក់ទៀតថា កងកម្លាំងត្រូវអនុវត្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពីការផ្តួលរំលំរបស់ក្រុមអគតិជ្រុលនិយម ដើម្បីរក្សាបាននូវសុខសន្តិភាពជូនជាតិខេមរា ការពារបាននូវរដ្ឋធម្មនុញ្ញ និងព្រះរាជានិយមជាម្លប់ដល់ប្រជានុរាស្ត្រគ្រប់គ្នា។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបជាពិសេសយុវជន សូមកុំចាញ់បោកការញុះញង់របស់ក្រុមជ្រុលនិយម ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
លោកបន្ថែមថាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានខិតខំប្ដូរផ្ដាច់បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីសុខសន្តិភាពប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។
ការចុះសួរសុខទុក្ខឱ្យឃើញពីការយកចិត្តទុកដាក់របស់លោក ក្នុងនាមជាអភិបាលស្រុក
និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង ដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងបីក្នុងការរក្សាសន្តិសណ្តាប់ធ្លាប់ទូទៅ ជូនពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ការចុះសួរសុខទុក្ខកងកម្លាំង ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកានិងប្រេងឥន្ធនៈជូនគោលដៅទាំង៦ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមួយគោលដៅទទួលបាននូវថវិកា២០ម៉ឺនរៀល គ្រឿងឧបភោគបរិភោគមួយចំនួនព្រមទាំង ប្រេង៥០លីត្រ៕