(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង អមដោយលោក លោកស្រីជាអនុប្រធាន និងសមាជិកសមាជិកាគណៈកម្មាធិការកាកបាទក្រហមខេត្ត និង អនុសាខាកាកបាទស្រុកថាឡាបរិវ៉ាត់ បានអញ្ជើញជួបសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ជូនដល់លោកយាយ ហម ទុយ ជាជនពិការភ្នែកពីកំណើត ទីទ័លក្រ រស់នៅភូមិ អូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក សរ សុពុត្រា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកអភិបាលក៏បានផ្ដាំផ្ញើ និងលើកទឹកចិត្តចំពោះលោកយាយ និងក្រុមគ្រួសារសូមបន្តថែរក្សាសុខភាព ។
លោក សរ សុពុត្រា បន្តថា÷ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយមនុស្សធម៌បានផ្ដល់ជូនមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន ២០ ម៉ឺនរៀល និង ក្មេងតូចៗ ចំនួន ១ ម៉ឺនរៀល ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម៕