(ស្ទឹងត្រែង)៖ លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងសម្តេចប្រធានកាកបាទក្រហមកម្ពុជា និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយនាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថាឡាបរិវ៉ាត់ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត មកចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ភ្លៀងកន្លងទៅ ចំនួន៩៩គ្រួសារ នៅចំនួន២ឃុំ រួមមាន ឃុំកាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
លោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ និងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមានប្រសាសន៍ថា៖ នេះជាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខាខេត្តស្ទឹងត្រែង ធ្វើឡើងតបតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ ភូមិ អំពីស្ថានភាពប្រជាពលរដ្ឋដែលរងគ្រោះ ទឹកជំនន់ទឹកភ្លៀង កន្លងនៅស្រុកថាឡាបរិវ៉ាត់។ ក្រោយអាជ្ញាធរឃុំ ភូមិបានធ្វើការពិនិត្យ និងវាយតម្លៃ ពីផលប៉ះពាល់នេះផងដែរ។
លោក សរ សុពុត្រា បានឱ្យដឹងថា សម្ភារអំណោយយកមកចែកជូននៅពេលនេះជាអំណោយទទួលបានពីសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ មកកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល ដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារ ដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃជាដើម។
លោក សរ សុពុត្រា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប្រធានកាកបាទក្រហមកម្ពុជាមានប្រសាសន៍÷ ផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺនានាយាយីមកលើកូនចៅ និងក្រុមគ្រួសារយើង ជាពិសេសក្នុងរដូវវស្សានេះត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជំងឺរាករុស និងគ្រុនចាញ់គ្រុនឈាមជាដើម និងប្រយ័ត្នជានិច្ចចំពោះកុមារតូចៗកុំឱ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើសង្ស័យថាមានកើតជំងឺណាមួយសូមរួសរាន់ទៅកាន់មណ្ឌលសុខភាព ដែលនៅកៀកជិតនឹងមូលដ្ឋានរបស់យើងឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ដែលមកទទួលអំណោយពីកាកបាទក្រហមកម្ពុជា ក្នុងមួយគ្រួសារៗ អង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ថវិកា២ម៉ឺនរៀលផងដែរ៕