(ភ្នំពេញ)៖ មូលនិធិ របស់អ្នកឧកញ៉ា គួច ម៉េងលី ដែលមានឈ្មោះថា «មូលនិធិម៉េងលី ជេ. គួច» នឹងយកថវិកាបានពីព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ ដែលបានរៀបចំឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ ទៅបន្តធ្វើស្មារតីសប្បុរសធម៌។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

ការរត់ មានចម្ងាយ ៣គីឡូម៉ែត្រ ដោយកីឡាករ និងកីឡាការិនីប្រមាណ៥០០នាក់បានចូលរួមក្នុងនោះមានដូចជា លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកអាណាព្យាលបាល សិស្សានុសិស្ស និងសាធារណជន។ ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏អស្ចារ្យមួយក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ខណៈពេលដែលការរៃអង្គាសថវិកា គឺដើម្បីគាំទ្រគម្រោងសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីបអាមេរិកាំង (AIS) មានក្តីសោមនស្សជាអនេក បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេង នៅក្នុង «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run)»។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមបានមករួមគ្នាដើម្បីរត់ សើច និងចូលរួមគាំទ្រសកម្មភាពសង្គមដែល Aii និង AIS រៀបចំនៅក្នុងតំបន់ចំការដូង។ 

ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run) ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខុមាលភាព សុខភាព និងការធ្វើលំហាត់ប្រាណជាលក្ខណៈគ្រួសារជូនដល់សិស្សានុសិស្ស បុគ្គលិក អ្នកអាណាព្យាលបាល និងសាធារណជន និងដើម្បីរៃអង្គាសថវិកាដើម្បីឱ្យមូលនិធិម៉េងលី ជេ. គួច អាចប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ជួយសហគមន៍ចំការដូង និងផ្តល់ឱកាសដល់គ្រូបង្រៀនអាចចូលរួមសន្និសីទនៃការបង្រៀនថ្នាក់ជាតិ។

លោកស្រី នៅ សុជ្ជណា នាយិកា នៃមជ្ឈមណ្ឌលភាសា អេ អាយអាយ សាខាចំការដូង បានថ្លែងថា ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារនេះជាសក្ខីភាពមួយដែលសបញ្ជាក់ពីការរួបរួម សាមគ្គីភាព របស់បណ្តាដៃគូ និងអ្នកឧបត្ថម្ភកម្មវិធីរបស់យើងក្នុងបុព្វហេតុសង្គម នៅក្នុងសហគមន៍របស់យើង។

«សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង(AIS) ពួកយើងតែងតែដឹកនាំសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូរបស់យើងក្នុងសកម្មភាពសង្គមជាប្រចាំ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធាន ក្រុម ប្រឹក្សា ភិបាល និង អគ្គនាយក ប្រតិបត្តិ របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន»។ លោកស្រីបញ្ជាក់។

គួររំលឹកថា Aii និង AIS គ្រោងនឹងសម្ពោធសាខាទី២១ និង២២ របស់ខ្លួននៅតំបន់ចំការដូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ចំពោះភាពជោគជ័យដែលសម្រេចបាន រួមមាន៖

*គាំទ្រសកម្មភាពសប្បុរសធម៌៖ យើងបានរៃអង្គាសថវិកាដើម្បីជួយនៅតំបន់ចំការដូង តាមរយៈមូលនិធិ ម៉េងលី ជេ. គួច។

*លើកកម្ពស់ការយល់ដឹងពីសុខភាព និងភាពរីករាយ៖លើកកម្ពស់ការយល់ដឹងពីសុខភាព និងសុខុមាលភាពតាមបែបបទថ្មី។

*ភាពជាដៃគូ៖ សូមអរគុណដល់ដៃគូ និងអ្នកឧបត្ថម្ភរបស់យើងដែលបានចូលរួម នឹងបានបង្ហាញពីស្មារតីទំនួលខុសសង្គមជាមួយនឹងការលេងកីឡានៅក្នុងព្រឹត្តិការណ៍កីឡាដ៏មានអត្ថន័យនេះ៕