(កែប)៖ តមតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នគរបាលនៃស្នងការនគរបាលខេត្តកែប នៅតែបន្តធ្វើ និងពន្លឿនការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ជូនប្រជាពលរដ្ឋទូទៅខេត្ត រហូតដល់ពេលនេះមានពលរដ្ឋ ២៧,៣៦៦នាក់ហើយ ដែលទទួលបានអត្តសញ្ញាណប័ណ្ណផ្ទាល់ដៃ។
តមតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំ ស្នងកានគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី អីុង សំអុល បានថ្លែងថា បានលើកផែនការ និងជំរុញការអនុវត្តការងារផ្តល់អត្តសញ្ញាណប័ណ្ណ ចាប់ពីថ្ងៃទី២០ ខែសីហា ដល់១៩ ខែកញ្ញា ឆ្នាំ២០១៦ ទទួលលទ្ធផលបាន រួមមាន៖
ទី១.បានបំពេញបែបបទជូនប្រជាពលរដ្ឋ នៅតាមស្ថានីយ៍ទាំងពីររបស់ខេត្ត បានចំនួន ៤៧៦នាក់។ តាមផែនការខេត្តកែប ត្រូវផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាជនចំនួន ២៨,៨៦៥នាក់ គិតដល់ចុងឆ្នាំ២០១៧ ហើយបច្ចុប្បន្ន ផ្តល់បានចំនួន ២៧,៣៦៦នាក់ហើយ នៅសល់តែ ១,៤៩៩នាក់ ទៀតប៉ុណ្ណុះ។
ទី២.ចាប់ពីថ្ងៃទី១-២០ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលបានចាត់តាំងមន្ត្រីប៉ុស្តិ៍រដ្ឋបាលទាំងអស់ ចុះទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតទាំងអស់ ដើម្បីជួយដល់ប្រជាជនក្នុងការផ្លាស់ប្តូរ អត្តសញ្ញាណប័ណ្ណគម្រូចាស់ និងធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនពួកគាត់ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណកាន់នៅឡើយ។
ទី៣.ត្រឹមរយៈពេល២០ថ្ងៃ លទ្ធផលទទួលបានជាក់ស្តែង បានបំពេញបែបបទបាន ២០៧នាក់ ហើយនឹងបន្តផ្តល់ជូន រៀងរាល់ថ្ងៃ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧តែម្តង។
ទី៤.ពលរដ្ឋបានទទួលអត្តសញ្ញាណប័ណ្ណផលិតហើយ ពីនាយកដ្ឋានមានចំនួន ៧៧២សន្លឹក ហើយបានបែងចែកទៅតាមប៉ុស្តិ៍រដ្ឋបាល ដើម្បីយកទៅប្រគល់ជូនប្រជាជន ដល់ផ្ទះប្រជាពលរដ្ឋតែម្តង ស្របតាមប្រសាសន៍ណែនាំរបស់សម្តចតេជោ នាយករដ្ឋមន្ត្រី។
ក្រៅពីនោះស្នងការនគរបាលបានបែងចែកប្រាក់រង្វាន់ដល់មន្ត្រីពាក់ព័ន្ធ ដែលជាមន្រ្តីគម្រូ ប្រកបដោយតម្លាភាព។ ចំពោះមុខកម្លាំងនគរបាលខេត្ត បានត្រៀមលក្ខណៈសម្បត្តិផ្តល់អត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយសម្រាកតែ១ថ្ងៃ គឺនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដូចមន្ត្រី គ.ជ.ប ដែរ ដើម្បីឱ្យប្រជាជនបានមកធ្វើពេលត្រឡប់មកលេងផ្ទះ ក្នុងបុណ្យភ្ជុំបិណ្ឌខាងលើបានគ្រប់ៗគ្នា៕