(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែងបានចាប់ខ្លួនយុវជនម្នាក់ឈ្មោះ សេង ពិសិដ្ឋ អាយុ១៧ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោយញុះញង់តាមតេឡេក្រាម ចែកចាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានការប្រមូលផ្ដុំ និងកៀរគរគ្នាត្រៀមធ្វើបាតុកម្មផ្តួលរំលំរាជដ្ឋាភិបាលស្របច្បាប់។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាមឈ្មោះ Seng Piseth ទៅសរសេរចូលគ្រុបតេឡេក្រាមឈ្មោះ «រួបរួមដើម្បីជាតិ» ដោយមានខ្លឹមសារសំណេរថា «ស្រុកខ្ញុំយប់មិញ ម៉ោង១២៖៤០ មានការចុះចាប់អ្នកដែលជុំៗគ្នា មានការបាញ់គំរាមទៀតផង» និងខ្លឹមសារបន្ថែមទៀតថា «ដល់ពេលយើងត្រូវងើបហើយ ខ្ញុំនៅឈើកាច់ ថ្ងៃស្អែក ខ្ញុំទៅភ្នំពេញហើយ»។ ខ្លឹមទាំងនេះបញ្ជាក់ពីការញុះញង់បង្កចលាចលសង្គម និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការអូសទាញរបស់ក្រុមនយោបាយទុច្ចរិតនៅក្រៅប្រទេស។
បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែងបានចុះធ្វើការស្រាវជ្រាវរួចកំណត់មុខសញ្ញា ហើយបានឃាត់ខ្លួន។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងសួរនាំជនសង្ស័យ និងកសាងសំណុំរឿង នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕