(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ ជាថ្ងៃដែលក្រុមអគតិជ្រុលនិយមគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ តែឃើញថា ស្ថានភាពទូទៅនៅរាជធានីភ្នំពេញមិនមានអ្វីខុសប្លែកពីសព្វមួយដងនោះទេ ពោលគឺប្រជាពលរដ្ឋធ្វើដំណើរ រកទទួលទានជាធម្មតា ហើយក៏គ្មានមុខពួកចង់ធ្វើបាតុកម្មណាធ្វើសកម្មភាពឡើយ។

ដោយឡែក ប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិនវិញបានរួតរះក្រោកពីព្រឹកទិញរបស់របរ ដើម្បីធ្វើពិធីសែនក្បាលទឹកតាមប្រពៃណីចិនរៀងៗខ្លួន ដោយមិនមានការជួបជុំ ឬបង្កចលាចលណាមួយធ្វើឲ្យអសន្តិសុខក្នុងសង្គមឡើយ។

ស្ថានភាពអំណោយផល រួមជាមួយសន្តិសុខសុវត្ថិភាពល្អប្រសើរនេះ គឺពិតបានកើតឡើងដោយសារអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តទប់ស្កាត់ក្រុមជនអគតិមួយចំនួនដែលមានបំណងធ្វើបាតុកម្មចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានគូសបញ្ជាក់នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះថា ស្ថានភាពទូទៅនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានសភាពជាធម្មតា គ្មានការរំជើបរំជួល ដូចពួកជ្រុលនិយម ដែលមានបំណងធ្វើបាតុកម្ម ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កកម្ពុជា ឡាវ វៀតណាមនោះទេ។

អ្នកនាំពាក្យរូបនោះបន្តថា សកម្មភាពប្រកបអាជីវកម្ម ការធ្វើសកម្មភាពជាប្រក្រតីក្នុងការរកស៊ីលក់ដូរ មិនមានការប្រែប្រួល ឬស្ថានភាព មិនប្រក្រតីណាមួយកើតឡើងនោះទេ។ ដោយនៅតាមដងផ្លូវនិងដងវិថីនានាក្នុងទីក្រុងមានសភាពស្ងប់ស្ងាត់។ ក្នុងនោះដែរ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតែដើរទស្សនាកម្សាន្តតាមរមណីដ្ឋាននានាក្នុងរាជធានីភ្នំពេញ ដូចជារមណីដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ សារមន្ទីរជាតិជាដើម ពុំមានអ្វីប្រែប្រួល និងពុំមានការចាប់អារម្មណ៍រឿងបាតុកម្មរបស់ក្រុមជ្រុលនិយមនោះឡើយ។

សូមរំលឹកថា នៅមុនថ្ងៃទី១៨ ខែសីហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការនានា ជាមួយកម្លាំងចម្រុះទាំងអស់ របស់រដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ នៅរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសឲ្យបានល្អ៕