(ពោធិ៍សាត់)៖ ស្ថិតក្នុងបរិបទនយោបាយកម្ពុជាក្នុងសម័យទំនើបនាសតវត្សទី២១នេះ បើពោលអំពីការទប់ស្កាត់ និងបញ្ចប់ទាំងស្រុង និងជាស្ថាពរនូវអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យកើតមានសារជាថ្មី មកលើប្រជាជនកម្ពុជា គឺប្រជាជាតិខ្មែរមានជំនឿជឿជាក់ ទុកចិត្ដ និងពេញចិត្តទាំងស្រុង ទៅលើការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងរាជរដ្ឋាភិបាលបន្ដវេន ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមគោលនយោបាយការបរទេសពហុភាគីនិយម ដើម្បីទប់ស្កាត់និងបញ្ចប់អំពើប្រល័យពូជសាសន៍គ្រប់ស្ថានភាពទាំងអស់នៅកម្ពុជា។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ពោលរោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD បានបើកការដ្ឋានជាផ្លូវការ នៅលើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

នាឱកាសនោះដែរ លោក កែវ រតនៈ បានលើកឡើងថា សមិទ្ធផលថ្ងៃនេះ គឺទទួលបានក្រោមដំបូលសុខសន្តិភាព បើគ្មានសន្តិភាពនោះមិនអ្នកវិនិយោគិនមកបណ្តាក់ទុននៅក្នុងប្រទេសដែលលឺតែសំឡេងគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។

លោកបានឱ្យដឹងថា នេះគឺជារោងចក្រដំឡើងរថយន្តអគ្គិសនីលើកទី១ នៅកម្ពុជា អាចមានសមត្ថភាពផលិតរថយន្ត ៣ពាន់គ្រឿង សម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ហើយនេះក៏មិនមែនជារោងចក្រចុងក្រោយនោះដែរ កម្ពុជានឹងមានរោងចក្រដំឡើងរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ជាបន្តបន្ទាប់ទៀតលើទឹកដីកម្ពុជា ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ លោក កែវ រតនៈ បានថ្លែងអំណរគុណក្រុមហ៊ុន Zo Moters ដែលសម្រេចចិត្តជ្រើសរើសកម្ពុជា ធ្វើការវិនិយោគមុនគេ នៅក្នុងតំបន់អាស៊ាន និងជ្រើសយកខេត្តពោធិ៍សាត់ សម្រាប់ជាទីតាំងសម្រាប់ដំឡើងរថយន្តអគ្គិសនីនេះ។

លោកបានបញ្ជាក់ថា ការកសាងជាតិ គឺមានការលំបាកខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចូលរួមរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តការអភិវឌ្ឍ លើគ្រប់វិស័យ។ ការចូលបំបែកបំបាក់ជាតិ នឹងនាំឱ្យសង្គមជាតិមិនមានការអភិវឌ្ឍ បែកបាក់សាមគ្គីជាតិ។

លោក ខូយ រីដា បានថ្លែងថា ដោយសារសុខសន្តិបានផ្តល់ឱកាសដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្តពោធិ៍សាត់ ក្នុងនោះមានរោងចក្រ សហគ្រាសចំនួន ៣១៥កន្លែង និងបានបង្កើតការងារច្រើនកន្លែងជូនប្រជាពលរដ្ឋក្នុងខេត្តជាដើម។

បើតាមតំណាងក្រុមហ៊ុន ZO MOTORS (Cambodia)

សេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដែលរីកលូតលាស់ឆាប់រហ័ស ហើយបច្ចុប្បន្នក៏ជាប្រទេសដែលមានសេដ្ឋកិច្ចសកម្មជាងគេមួយក្នុងចំណោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។ លើសពីនេះទៅទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែត យន្តការនៃការគ្រប់គ្រងការប្រើប្រាស់ថាមពល ក៏ដូចជាការអភិវឌ្ឍវិស័យថាមពលស្អាតនៅកម្ពុជាមានភាពឈានមុខ ជាងប្រទេសនានាក្នុងតំបន់។

តំណាងក្រុមហ៊ុន បានគូសបញ្ជាក់ថា៖ «យើងជឿជាក់ថា ក្រោមការអភិវឌ្ឍឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យភស្តុភារកម្ម ក៏ដូចជាខិតខំបន្តការពង្រឹងដំណែងរបស់ខ្លួនលើវិស័យភស្តុភារកម្មក្នុងតំបន់ ក្នុងរយៈពេលខ្លីខាងមុខកម្ពុជានឹងអាចកែប្រែការដឹកជញ្ជូនបែបប្រពៃណី មកជាការដឹកជញ្ជូនដោយថាមពលបៃតងយ៉ាងពេញលេញ។ ជាសំណាងបំផុត ដែលក្រុមហ៊ុនយើងបានមកកាន់កម្ពុជាក្នុងវេលាដ៏សាកសមនេះ ហើយត្រៀមរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍវិស័យថាមពលស្អាតជាមួយកម្ពុជាយ៉ាងពិតប្រាកដ»

ក្រុមហ៊ុនបានប្តេជ្ញានឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងរ៉ែ និងថាមពល អគ្គីសនីកម្ពុជា ក៏ដូចជាអាជ្ញាធរជាតិអគ្គីសនី ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ថាមពលស្អាតឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះផងដែរ យើងមានជាមួយគម្រោងស្ថានីយបញ្ចូលថាមពលដែលនឹងប្រើប្រាស់ថាមពលជាតិឱ្យអស់លទ្ធភាព ព្រមទាំងបំរើនៅតាមខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗទូរទាំងប្រទេសផងដែរ។ ព្រមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង២ពាន់កន្លែង ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោមដំបូលសុខសន្តិភាព។

សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង៕