(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យកម្លាំងសមត្ថកិច្ច កំពុងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ តាមគោលដៅមួយចំនួន ក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។
ការចុះពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមគោលដៅមួយចំនួនក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ របស់លោកអភិបាលខេត្តឧត្តរមានជ័យ គឺដើម្បីការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមិនឱ្យជនណាមួយ ក្រុមណាមួយ ធ្វើការផ្តួលរំលំបានជាដាច់ខាត។
ការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្តឧត្តរមានជ័យ បាននាំយកនូវសម្ភារៈ ថវិកាមួយចំនួន ជូនដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ជាការលើកទឹកចិត្ត និងជូនពរឱ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ។
បើតាមមន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យម្នាក់ថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ថា៖មកដល់ព្រឹកនេះសភាពការសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមក្រុង ស្រុកទាំង៤ និងនៅតាមបណ្តោយព្រំដែន មានសភាពជាធម្មតា ហើយក៏មិនមានប្រជាពលរដ្ឋណាម្នាក់ ជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូច ទៅចូលរួមធ្វើបាតុកម្មជាមួយនោះទេ៕