(ព្រះវិហារ)៖ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ទូទាំងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកម្លាំងនគរបាលទូទាំងខេត្តព្រះវិហាក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត នៅតែបន្តត្រៀមខ្លួនរួចជាស្រេច ប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាត នូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការញុះញង់ពីជនអគតិមួយក្តាប់តូច នៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍ខ្លួនឯង លាបពណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិត ធ្វើឲ្យមានការភាន់ច្រឡំ លើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាមCLV-DTA។

កម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ក៏បានរៀបចំរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ក្រុង ស្រុក ដោយកម្លាំងបានត្រៀម២៤ លើ២៤ម៉ោង អនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាបរាល់បទល្មើសផ្សេងៗ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនើង ល្បែងស៊ីសង គ្រឿងញៀន ស្របតាមទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ៕