(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានចាប់ខ្លួនយុវជនឈ្មោះសឿន មករា អាយុ១៦ឆ្នាំ រស់នៅភូមិល្អក់ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោយញុះញង់តាម TikTok ចង់ឲ្យអ្នកដទៃចូលរួមបាតុកម្មផ្តួលរំលំរាជដ្ឋាភិបាលស្របច្បាប់។
គណនី TikTok ដែលប្រើប្រាស់សម្រាប់ញុះញង់នោះ មានឈ្មោះ Mrakara Gazz ដែលបានបង្ហោះមានខ្លឹមសារថា 18.8.2024 TM ខាងនេះត្រៀមខ្លួនរួចហើយ ចុះខាងនោះ CLV ដែលពាក់ព័ន្ធករណីរួមគំនិតបង្កចលាចលសង្គមនិងញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមការអូសទាញរបស់ក្រុមនយោបាយទុច្ចរិតនៅក្រៅប្រទេស។
បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អ.ហ.ខេត្ត និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត បានចុះធ្វើការស្រាវជ្រាវរួចកំណត់មុខសញ្ញា ហើយបានធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាងដែលដកហូតមាន៖ ទូរស័ព្ទដៃចំនួន១គ្រឿង។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតិវីធី៕