(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារមីន នៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៤ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ឱ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល ដឹកនាំដោយលោក គុយ វណ្ណូ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិងសហការីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក វ៉ាត សាវ៉ុន អាយុ២៣ឆ្នាំ បានទទួលមរណភាពដោយផ្ទុះមីនតោនខណៈកំពុងស៉ីឈ្នូលភ្ជរដីស្រែឲ្យគេ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក គុយ វណ្ណូ បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយគ្រួសារសពចំពោះឧបទ្ទវហេតុផ្ទុះមីនតោនបណ្តាលលោក វ៉ាត សាវ៉ុន បាត់បងជីវិតនៅនឹងកន្លែងកើតហេតុដែលស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។
សម្ភារៈចូលរួមរំលែកទុក្ខរួមមាន៖អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ១យួរ ស្កសរ១គ.ក្រ អំបិល១គ.ក្រ ប៊ិចេង១កញ្ចប់ និងថវិកាចំនួន៤៥០,០០០រៀល ក្នុងនោះថវិកាអនុសាខាកាកបាទក្រហមស្រុកចំនួន ២៥ម៉ឺនរៀល និងថវិកា ស.ស.យ.ក ស្រុកចំនួន២០ម៉ឺនរៀលដែរ៕