(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនគរបាលចុះត្រួតពិនិត្យកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ព្រមទាំងបានចុះល្បាតចល័តនៅពេលយប់តាមភូមិសាស្រ្តស្មុគស្មាញ និងតាមឆ្នេរសមុទ្រទូទាំងខេត្តព្រះសីហនុ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។
ចាប់ពីថ្ងៃទី១៧ ខែសីហា លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានប្រមូលផ្តុំកម្លាំងប្រជុំជួរ ត្រួតពិនិត្យកម្លាំង គ្រឿងបំពាក់ និងសម្ភារៈរក្សាសណ្តាប់ធ្នាប់ ដើម្បីត្រៀមបង្ការ ទប់ស្កាត់ និងបង្ក្រាប ក្រុមប្រឆាំងប្រើឧបាយកលប្រឆាំងប្រឌិតព័ត៌មាន ប្រើលេសបាត់បង់ទឹកដី កៀរគរមនុស្សឲ្យតវ៉ាប្រឆាំងរឿងទឹកដី រួចគេបង្វែរទៅជាអំពើហិង្សាឆ្លៀតឱកាស ឆក់ប្លន់លួច។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានបញ្ជាក់ថា មិនអាចឱ្យក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតឡើងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបានឡើយ ដាច់ខាតត្រូវតែគាំទ្ររាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ម្យ៉ាងវិញទៀត កម្លាំងសមត្ថកិច្ចត្រូវតែការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងខេត្ត ការពារទ្រព្យសម្បត្តិ អាយុជីវិតប្រជាជន និងការពារផលប្រយោជន៍ជាតិ នេះបើតាមការណែនាំបន្ថែមរបស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា៕