(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់បាល់ទះកម្រិតទី២ ប្រចាំតំបន់អាស៊ាន លើកដំបូង នឹងត្រូវរៀបចំលើទឹកដីកម្ពុជា នាថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយប្រសិទ្ធនាមថា ការប្រកួតកីឡាបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ស្របពេលសមាគមកីឡាបាល់ទាត់អាស៊ាន (SAVA) បានសម្រេចក្នុងកិច្ចប្រជុំកាលពីខែមេសា ដើម្បីរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាក៏បានស្នើសុំធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតនេះតែម្ដង បន្ទាប់ពីទទួលបានការគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សម្រាប់ឆ្នាំដំបូងនេះដែរ គឺមានក្រុមបាល់ទះជម្រើសជាតិ ៤ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ដែលត្រូវធ្វើការប្រកួតវិលជុំ ដើម្បីស្វែងរកក្រុមជើងឯក ១ក្រុមឡើងទៅលេងពាន SEA V.League ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍បាល់ទះកម្រិត១ ប្រចាំតំបន់អាស៊ាន ដ្បិតកន្លងមក តាមលក្ខខណ្ឌរបស់ SEAVA មានប្រទេសស្ថាបនិកចំនួន ៤ប្រទេសដែលបានលេងពាននេះ រួមមានឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីន។

លោកបន្ដថា «នេះគឺជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ដែលកម្ពុជាយើងបានសិទ្ធក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ក្នុងការអនុញ្ញាតជាគោលការណ៍ឲ្យរៀបចំព្រឹត្តិការណ៍នេះលើទឹកដីកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់សហព័ន្ធរបស់យើងក្នុងរៀបចំ។ ការរៀបចំនេះដែរ ក្នុងន័យតែមួយទេ គឺកីឡាផ្សារភ្ជាប់នឹងទេសចរណ៍ បើមានព្រឹត្តិការណ៍កីឡាច្រើន វិស័យទេសចរណ៍ក៏កាន់តែរីកចម្រើនដែរ»

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ថែមថា ក្រៅពីបង្កឱកាសក្នុងការរៀបចំការប្រកួតកីឡាបាល់ទះដណ្ដើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤ សម្ដេចធិបតី ថែមទាំងបានផ្ដល់នូវប្រាក់រង្វាន់ សម្រាប់រៀបចំការប្រកួតប្រជែងដល់ក្រុមចូលរួមទាំង ៤ ទៀតផង ពោលគឺក្រុមបញ្ចប់ការប្រកួតវិលជុំ រយៈពេល ៣ថ្ងៃ នៅថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ក៏នឹងមានការប្រកួតដណ្ដើមប្រាក់រង្វាន់សម្ដេចធិបតី រវាងក្រុមចូលរួមទាំង ៤ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះផងដែរ។

ការគូសបញ្ជាក់ខាងលើ ធ្វើឡើងក្នុងឱកាសសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ស្តីពីកិច្ចសហការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍ធំៗចំនួន៣ គឺកម្មវិធីប្រកួតកីឡាបាល់ទះដណ្តើមប្រាក់រង្វាន់ សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ និងកម្មវិធី Wurkz Special Volleyball challenge 4x4 ទូទាំងប្រទេស ឆ្នាំ២០២៥។

ចំពោះការប្រកួតពានរង្វាន់សម្ដេចមហាបវរធិបតី-SEA V.League Challenge ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានចាត់ទុកនេះ ការបើកឱកាសថ្មីមួយទៀត សម្រាប់ក្រុមជម្រើសជាតិ ក៏ដូចជាវិស័យកីឡាបាល់ទះកម្ពុជា ក្នុងការបោះជំហានដោយស្មើមុខមាត់ ទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ តាមរយៈការប្រជែងកៅអីចូលរួមព្រឹត្តិការណ៍ SEA V.League នាឆ្នាំក្រោយ ដោយត្រូវឡើងទៅជំនួសកៅអីក្រុមលេខ៤ ឆ្នាំ២០២៤។ យ៉ាងណាមិញលោកក៏ទាន់មើលរំលេងគូប្រជែងទាំង ៣ របស់កម្ពុជា ដែលមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ នោះដែរ៕