(កោះកុង)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានបន្ដដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលនៅខេត្ដកោះកុង បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ អស់រយៈពេល២ថ្ងៃមកនេះ។
បេសកកម្មចុះមកស្វែងយល់ដោយផ្ទាល់ពីការអនុវត្ដការងាររបស់មន្ដ្រីក្រោមឱវាទ នៅតាមមូលដ្ឋានសុខាភិបាលនេះ បានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្ដចំនួន ៤ រួមមានខេត្ដកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្ដបៃលិន, ហើយខេត្ដទាំង៤នេះ ជាខេត្ដចុងក្រោយនៃបេសកកម្មចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលបានចាប់ផ្ដើមកាលពីដើមអាណត្ដិទី៧ នៃរដ្ឋសភា។
ក្នុងឱកាសចុះពិនិត្យមើលដំណើរការការងារនៅមូលដ្ឋានសុខាភិបាលខេត្ដកោះកុងនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានចុះសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺផងដែរ ជាពិសេសបានសួរនាំពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ដ ថាមានការពេញចិត្ដ ឬកង្វះខាតអ្វីខ្លះ។
ទន្ទឹមនឹងនោះអ្នកជំងឺ និងគ្រួសារអ្នកជំងឺបានសម្ដែងនូវការសប្បាយចិត្ដខ្លាំងចំពោះថ្នាក់ដឹកនាំ ដែលបានចុះសួរសុខទុក្ខដោយផ្ទាល់ហើយ ឱ្យអ្នកជំងឺអាចបញ្ចេញមតិពិត ក្នុងការទទួលសេវា។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលមកទទួលសេវាទាំងអស់ បានបង្ហាញនូវការពេញចិត្ដ និងកក់ក្ដៅជាខ្លាំង ចំពោះការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្ដកោះកុង។
សូមជម្រាបថា បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានចុះពិនិត្យមើលការងារដឹកនាំ គ្រប់គ្រង និងថែទាំ ព្យាបាលអ្នកជំងឺហើយ លោកសាស្ដ្រាចារ្យបានបន្ដសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលរដ្ឋបាលខេត្ដកោះកុង ដែលមានការអញ្ជើញចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។
ក្នុងពិធីសំណេះសំណាលខាងលើនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្រី្ដ បានថ្លែងកោតសរសើរដល់មន្ដ្រីសុខាភិបាលទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងយកចិត្ដទុកដាក់ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ពិសេសមានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ។ដូច្នេះដើម្បីឱ្យការបម្រើសេវាសុខភាពឱ្យកាន់តែប្រសើរ និងបំពេញតម្រូវរបស់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមន្ទីរពេទ្យខេត្ដកោះកុងនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានប្រកាសផ្ដល់សម្ភារៈបរិក្ខារពេទ្យបន្ថែមទៀត ជូនដល់មន្ទីរមួយនេះផងដែរ។
ជាមួយគ្នានេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនទៀត ដែលជាគន្លឹះក្នុងការបន្ដអភិវឌ្ឍស្ថាប័នឱ្យកាន់តែប្រសើរ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕