(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨ ខែសីហា គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងកម្លាំងសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយការល្បាតចល័តកម្លាំងតាមគោលដៅច្រកចេញ-ចូលរាជធានីភ្នំពេញផងដែរ។

លោក ឃួង ស្រេង កាលពីរសៀលថ្ងៃ១៧ ខែសីហា បានផ្ញើសារជូនបងប្អូនប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ដោយអាជ្ញាធរ និងកងកម្លាំងរបស់យើងបានយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ ខែសីហា ហើយកម្លាំងរបស់យើងមួយចំនួនទៀត បានយកមកប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ទៅតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃកម្ពុជា៕