(កណ្តាល)៖ កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល បានត្រៀមខ្លួនរួចជាស្រេច និងប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍ខ្លួនឯង លាបពណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឲ្យមានការភាន់ច្រឡំ លើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម។
ជាមួយគ្នានោះ ក្នុងនាមកងរាជអាវុធហត្ថខេត្ត ក៏បានរៀបចំរួចជាស្រេច ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកណ្ដាល កម្លាំងត្រៀម២៤ លើ២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មើសផ្សេងៗ កុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនើង ល្បែងស៊ីសង គ្រឿងញៀនជាដើម ប្តេជ្ញាបង្ក្រាបដោយគ្មានការលើកលែងឡើយ។
ស្ថិតក្នុងឱកាសប្រជុំជួរនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៤នេះ លោក សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារ បរិក្ខា និងគ្រឿងបំពាក់ ដើម្បីត្រៀមអន្តរាគមន៍ចំណុចខ្ពស់ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតមានឡើងដោយជាយថាហេតុ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ លោក lមេបញ្ជាការ ក៏បានផ្សព្វផ្សាយនូវបទបញ្ជា ក៏ដូចជាការណែនាំ របស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងបានផ្សព្វផ្សាយ អប់រំ ណែនាំ ដល់កងកម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលទាំងអស់ គាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ហើយធ្វើការឆាំងដាច់ចំពោះក្រុមជ្រុលនិយមក្រៅស្រុកមួយក្តាប់តូច ដែលនិយាយបំផ្លើសមូលបង្កាច់ការពិត ពីរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយ ពង្រឹង ណែនាំការងារអង្គភាពមួយចំនួនទៀត៕