(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអធិការកិច្ចសរុបចំនួន៤០០នាក់ ដើម្បីពន្យល់ឱ្យយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម កុំឱ្យធ្លាក់ក្នុងឧបាយកលរបស់ក្រុមឧទ្ទាមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាទុច្ចរិតបង្កភាពវឹកវរ និងចលាចលនៅកម្ពុជានាពេលខាងមុខ។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញការប្តេជ្ញាចិត្ត ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។

លោករដ្ឋមន្ត្រី ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងអធិការកិច្ចទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមយ៉ាងផុលផុស និងយកចិត្តទុកដាក់ស្តាប់នូវការពន្យល់អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងប្រទេស។

លោករដ្ឋមន្ត្រីថា នៅប៉ុន្មានថ្ងៃមុននេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច បានរៀបចំឧបាយកលអាក្រក់ និងណែនាំពលរដ្ឋឱ្យលង់តាមការឃោសនា ញុះញង់ បោកបញ្ឆោតបំភ្លៃការពិតអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ដើម្បីប៉ុនប៉ងបង្កើតសកម្មភាពបាតុកម្ម និងចលនាគ្រប់រូបភាព ដោយចោទប្រកាន់ទាំងងងឹតងងុលមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងប្រើប្រាស់រូបភាពបាតុកម្មនេះ ជាបដិវត្តពណ៌ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យតាមដានសភាពការណ៍នេះឱ្យបានម៉ត់ចត់ និងត្រូវជួយអប់រំណែនាំដល់បងប្អូន សាច់ញាតិ ក៏ដូចជាប្រជាជនទូទៅកុំចាញ់ឧបាយកលទុច្ចរិត ញុះញង់ ក្នុងចេតនាបង្កចលាចល និងបំបែកបំបាកឯកភាពផ្ទៃក្នុងជាតិកម្ពុជា ជាពិសេស ត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាព និងគាំទ្រដល់ការអភិវឌ្ឍន៍នានាដែលរាជរដ្ឋាភិបាលដែលបាននិងកំពុងខិតខំអនុវត្តក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី។

លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្រសួងអធិការកិច្ចទាំងអស់បានអបអរសាទរ និងគាំទ្រលើកស្លាក «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា យើងខ្ញុំទាំងអស់គ្នាគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍»។

លោករដ្ឋមន្ត្រី ឭបានសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងប្តេជ្ញាចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះឆន្ទះដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ជាពិសេសគាំទ្រ និងប្តេជ្ញាអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕