(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យកម្លាំងសមត្ថកិច្ច កំពុងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ តាមគោលដៅជាប់ព្រំប្រទល់ ខេត្តកំពង់ចាម និងខេត្តកណ្ដាល។
បើតាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដើម្បីពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នឹងការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការ នៅតាមគោលដៅសំខាន់ៗមួយចំនួនជាប់នឹងព្រំប្រទល់ខេត្តកណ្តាល។
ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្តនិងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ។
យ៉ាងណាក៏ដោយមកដល់ម៉ោង ៩:៣០នាទីយប់ ថ្ងៃដដែលនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បញ្ជាក់ថា មិនទាន់មានជួបប្រទះ ប្រជាពលរដ្ឋដែលជឿតាមការញុះញង់ ឱ្យចូលរួមធ្វើបាតុកម្មនោះទេ៕