(បាត់ដំបង)៖ មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍន៍បច្ចេកទេសអប់រំ (SEAMEO TED) និងបណ្តាញសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ One Health University (SEAOHUN)បានសហការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិចំនួន ៩នាក់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពតែមួយ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសនៅក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងខេត្តបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃគម្រោងផ្តួចផ្តើមរួមគ្នាក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពតែមួយក្នុងចំណោមសិស្សានុសិស្ស គ្រូបង្រៀន និងសមាជិកសហគមន៍ក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន Chevron ដែលខិតខំផ្តល់សិទ្ធិអំណាចដល់មនុស្សជុំវិញពិភពលោកក្នុងការកែលម្អជីវិតរបស់ពួកគេឱ្យសម្រេចបាននូវមហិច្ឆតារបស់ពួកគេ និងបំពេញសក្តានុពលពេញលេញរបស់ពួកគេ។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីបណ្តុះបណ្តាលគ្រូអប់រំបច្ចេកទេសចំនួន៩នាក់់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសគោលដៅចំនួនបី ដើម្បីក្លាយជាគ្រូបណ្តុះបណ្តាលបង្គោលគ្រូថ្នាក់ជាតិ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី អំពីសុខភាពតែមួយ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៅក្នុងប្រទេសកម្ពុជា។ សាលាគោលដៅទាំងបីនេះ រួមមាន វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ក្នុងខេត្តកំពង់ធំ វិទ្យាល័យព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងខេត្តកំពង់ឆ្នាំង និង វិទ្យាល័យទូទៅ និងបច្ចេកទេស បាវិត ក្នុងខេត្តស្វាយរៀង។
វគ្គបណ្តុះបណ្តាលនេះផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនទាក់ទងនឹង អំពីសុខភាពតែមួយដូចជានិយមន័យនៃសុខភាពមួយអ្នកពាក់ព័ន្ធ សមត្ថភាពសុខភាពតែមួយ និងវិធីធានសុខភាពតែមួយ។ ក្នុងអំឡុងពេលបណ្តុះបណ្តាលគ្រូបង្រៀនជាសិក្ខាកាមទាំង៩នាក់ ក៏បានរៀបចំផែនការ និងដើម្បីយកចំណេះដឹងដែលទទួលបានទៅចែករំលែកដល់សិស្ស គ្រូ និងសហគមន៍ ដើម្បីលើកកម្ពស់គោលគំនិត One Health នៅតាមសាលារៀង និងសហគមន៍របស់ខ្លួន។ នៅពេលបញ្ចប់វគ្គសិក្សានេះ គ្រូបង្គោលថ្នាក់ជាតិទាំងប្រាំបួននឹងអនុវត្តសកម្មភាពការយល់ដឹងអំពីសុខភាពតែមួយដល់សិស្ស និងគ្រូបង្រៀននៅក្នុងសាលាគោលដៅដែលបានជ្រើសរើស និងសមាជិកសហគមន៍ជុំវិញសាលារៀន។
នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះលោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED ក៏បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដោយវាជាសកម្មភាពទី៣ នៃគម្រោងអភិវឌ្ឍន៍គ្រូបង្គោល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពតែមួយ នៅវិទ្យាល័យទូទៅ និងបច្ចេកទេសក្នុងប្រទេសកម្ពុជា។
លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមឱ្យបានពេញលេញនិងព្យាយាមសិក្សាក្រេបយកចំណេះដឹងពីការបណ្តុះបណ្តាលនេះ ចែករំលែកទៅកាន់សមាជិកគ្រួសារ មិត្តភក្តិ និងសហការីផ្សេងទៀត។ ដោយឡែកសម្រាប់គ្រូបង្គោលទាំង ៩រូប លោកបានស្នើឱ្យពួកគេរៀបចំផែនការដើម្បីចែករំលែកនឹងដាក់បញ្ចូល គោលគំនិតសុខភាពតែមួយ ទៅក្នុងកម្មវិធីសិក្សា ដោយបញ្ចូលវាទៅក្នុងវគ្គសុខភាពសិក្សាដែលមានរយៈពេលមួយម៉ោងក្នុងមួយសប្តាហ៍។
លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសង្កត់ធ្ងន់ លើអត្ថន័យនៃគំនិតសុខភាពមួយ ដោយលើកឡើងថា One Health សំដៅលើវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពជាសាកល ដោយមានកិច្ចសហការរវាងភាគីពាក់ព័ន្ធ។ One Health ក៏សំដៅទៅលើទំនាក់ទំនងគ្នាទៅវិញទៅមករបស់មនុស្ស សត្វ និងបរិស្ថានរបស់ពួកគេដែលសុខភាព មនុស្ស សត្វ និង បរិស្ថានមានទំនាក់ទំនងគ្នា បរិស្ថានល្អ ជាកក្តាធ្វើឱ្យសុខភាពរបស់មនុស្សនិងសត្វល្អផងដែរ។
កញ្ញាបណ្ឌិត តុងកន ម៉ីយ៉ាម នាយកប្រតិបត្តិនៃ SEAOHUN បានលើកឡើងពីលក្ខណៈសហការគ្នានៃគម្រោងនេះថា ការចាប់ផ្តើមអនុវត្តគម្រោងនេះឡើង កិច្ចសហប្រតិបត្តិការនេះមានគោលបំណងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណេះដឹងស្ដីអំពី គោលគំនិតសុខភាពតែមួយ ក្នុងចំណោមអ្នកអប់រំនៅកម្ពុជា តាមរយៈការផ្តល់សិទ្ធិអំណាចដល់គ្រូបង្រៀនជាមួយនិងជំនាញ ចំណេះដឹងចាំបាច់ យើងមិនត្រឹមតែពង្រឹងប្រព័ន្ធអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសហគមន៍ដែលរៀបចំឱ្យបានល្អជាងមុន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពតាមទស្សនៈរួមគំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ កម្លាំងពលកម្ម សុខភាពតែមួយដែលមានសមត្ថភាពអាចរួមចំណែកយ៉ាងសំខាន់ដល់សាធារណជន។ សុខភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការលើកកម្ពស់ការអប់រំសុខភាពតែមួយនៅគ្រប់កម្រិតទាំងអស់៕