(សៀមរាប)៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជាលើកដំបូង បន្ទាប់ពីត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងបានមួយថ្ងៃ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ ក្នុងការរួមចំណែក ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: និងបម្រើប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ក៏ដូចជា ពង្រឹងស្មារតីកងកម្លាំង ក្នុងការបំពេញតួនាទីភារកិច្ច ឲ្យប្រកបដោយវិន័យសណ្តាប់ធ្នាប់ គោរពច្បាប់ គោរពសិទ្ធិមនុស្ស ជាពិសេសត្រៀមអន្តរាគមន៍ បង្ក្រាបនិងទប់ស្កាត់ក្រុមចលនាជ្រុលនិយមទាំងឡាយណា ដែលមានបំណងបង្កចលាចលក្នុងសង្គម បំផ្លាញ សុខសន្តិភាព របស់ព្រះរាជាណាចក្រកម្ពុជា ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានណែនាំដល់ លោកមេបញ្ជាការ ដែលជាប្រធានអង្គភាពចំណុះអាវុធហត្ថសៀមរាប ទាំងអស់ ត្រូវម្ចាស់ការត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា៕