(សៀមរាប)៖ សមាគមចុងភៅវ័យក្មេងកម្ពុជា ដែលជាសេនាធិការរបស់សមាគមចុងភៅកម្ពុជា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកាប្រមាណជាង៣០នាក់ ទៅផ្តល់ឈាមដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីយកទៅប្រើប្រាស់ក្នុងការសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការឈាមបន្ទាន់។
លោក ឈន ប៊ុនឈូ ប្រធានសមាគមចុងភៅវ័យក្មេងកម្ពុជា បានឲ្យដឹងថា ដើម្បីរួមចំណែកក្នុងការងារជួយដល់សង្គម សមាគមចុងភៅវ័យក្មេងកម្ពុជា បានពិភាក្សាគ្នាក្នុងការបរិច្ចាគឈាមដល់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងការសង្រ្គោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូច្នេះហើយទើបមានការបរិច្ចាគឈាមនៅថ្ងៃនេះឡើង។ លោកបន្តថា ដោយមើលឃើញពីការខ្វះខាតឈាមជាច្រើននៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅផ្គត់ផ្គង់ដល់អ្នកជំងឺ។
លោក ឈន ប៊ុនឈូ បានបន្តថា នេះជាលើដំបូងសម្រាប់សមាគមចុងភៅវ័យក្មេងកម្ពុជា ដែលបានបរិច្ចាគឈាមដល់មន្ទីរពេទ្យបង្អែកខេត្ត ក៏ប៉ុន្តែនេះមិនមែនជាលើកដំបូងទេសម្រាប់លោកក្នុងការចូលរួមបរិច្ចាគឈាមនេះ។ លោកក៏បានអំពាវនាវដល់យុវជនទាំងអស់ ប្រសិនបើមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាមដល់មន្ទីរពេទ្យទាំងអស់គ្នា ព្រោះការផ្តល់ឈាម គឺមិនប៉ះពាល់ដល់សុខភាពរបស់យើងឡើយ ដោយនៅមុនពេលផ្តល់ឈាមលោកគ្រូ អ្នកគ្រូពេទ្យ បានសួរនាំ និងពិនិត្យឈាមរបស់យើងឲ្យបានច្បាស់លាស់សិន មុននឹងសម្រេចឲ្យយើងផ្តល់ឈាម។
លោក សុខុម សំអុល ដែលជាអ្នកចូលរួមក្នុងការបរិច្ចាគឈាម បានលើកឡើងថា លោកបានបរិច្ចាគឈាមតាំងពីឆ្នាំ២០១១មកហើយ ជាទូទៅក្នុងមួយឆ្នាំលោកព្យាយាមធ្វើយ៉ាងណាផ្តល់ឈាមយ៉ាងតិចក៏បាន១ដងដែរ ដែលជាទម្លាប់ផ្ទាល់ខ្លួនហើយក៏ជាកាតព្វកិច្ចមួយដែលយើងចង់ជួយដល់សង្គមតាមរយៈការបរិច្ចាគឈាម។ ឈាមរបស់យើងអាចយកទៅប្រើប្រាស់ដល់អ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺផ្សេងៗ។
លោក សុខុម សំអុល បន្តថា ការបរិច្ចាគឈាមនេះក៏ជាការងារជួយដល់សង្គមផង ហើយក៏ផ្តល់អត្ថប្រយោជន៍ដល់យើងវិញផងដែរ ដូចជា៖ ការកាត់ហានីភ័យនៃជំងឺមហារីក, កំហាប់ឈាម, ការលើសជាតិដែក, ធ្វើឲ្យប្រសើរនៃសុខភាពបេះដូង និងកាត់បន្ថយការឡើងទម្ងន់ផងដែរ។
ទន្ទឹមនឹងនេះដែរ លោកស្រីឱសថការី ឆាយ គឹមឈន ប្រធានមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្តែងនូវសេចក្តីសប្បាយរីករាយជាខ្លាំង ដែលសមាគមចុងភៅវ័យក្មេងកម្ពុជា បានចូលរួមបរិច្ចាគឈាមដើម្បីជួយង្នកជំងឺដែលកមពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ព្រោះក្នុងមួយថ្ងៃអ្នកជំងឺត្រូវការឈាមពី៣០ ទៅ៤០ប្លោក ការប្រើប្រាស់ឈាមមានការកើនឡើនខ្លាំង ដោយសារមន្ទីរពេទ្យយើងមានសេវាឯកទេសច្រើន ចឹងតម្រូវការឈាមកាន់តែកើន ហើយអ្នកជំងឺត្រូវការឈាមច្រើន មានដូចជា៖ អ្នកសម្រាលកូន, អ្នកគ្រោះថ្នាក់ចរាចរ និងការវះកាត់ធំៗ។
លោកស្រីឱសថការី បន្តថា កាលណាយើងបរិច្ចាគឈាមជួយដល់អ្នកជំងឺ ធ្វើឲ្យគាត់មានអារម្មណ៍សប្បាយចិត្តដែលបានជួយជីវិតមនុស្ស, ជួយឲ្យគ្រាប់ឈាមលំហូរឈាមរបស់គាត់ល្អ, ជួយការពារនឹងទឹកនោមផ្អែម, ជួយការពារសំពាធឈាម, ជួយការពារជំងឺបេះដូង ជាពិសេសជួយការពារជំងឺមហារីកផងដែរ។
លោកស្រីឱសថការី ឆាយ គឹមឈន បានបន្តថា បច្ចុប្បន្ននេះសម្រាប់អ្នកបរិច្ចាគឈាមមានការកើនឡើងច្រើន ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើន ដោយក្នុងមួយថ្ងៃមានអ្នកបរិច្ចាគពី៤០ ទៅ៥០នាក់បូករួមទាំងគ្រួសារអ្នកជំងឹ ហើយការបរិច្ចាគនេះ គឺមិនប៉ះពាល់ដល់សុខភាពនោះទេ។
ជាមួយនេះដែរ លោកស្រីឱសថការី បានបញ្ជាក់ថា ក្នុង១ឆ្នាំអ្នកដែលមានសុខភាពល្អ នឹងមានអាយុពី១៨ ទៅ៦០ឆ្នាំ សម្រាប់បុរសគាត់អាចបរិច្ចាគបាន៤ដង រាល់៣ខែម្តង។ ស្រ្តីសម្រាប់ស្រ្តីគាត់អាចបរិច្ចាគបាន៣ដង រាល់៤ខែម្តង ហើយនៅមុនពេលបរិច្ចាគម្តងៗ គឺក្រុមគ្រូពេទ្យត្រូវពិនិត្យសុខភាពរបស់គាត់ទៅតាមលក្ខខណ្ឌ ទោះបីគាត់ប្រាប់ថា សុខភាពរបស់គាត់ល្អក៏ដោយ ដើម្បីសុវត្ថភាពអ្នកផ្តល់ និងឈាមដែលយកទៅប្រើប្រាស់ក៏មានសុវត្ថភាពផងដែរ៕