(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចម្រុះខេត្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ដើម្បីពង្រឹងសុខសុវត្តិភាព សន្តិភាពជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមបះបោប្រឆាំងរាជរដ្ឋាភិបាល។
លោក សុខ លូ បានថ្លែងថា រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពួកក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅបរទេស បានបំផុសបំផុលឲ្យបក្ខពួកនៅក្នុងប្រទេសឲ្យងើបឈរប្រឆាំងជាមួយ ក្នុងគោលបំណងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ម្តងហើយម្តងទៀត ក្នុងរូបភាពចង់ធ្វើបដិវត្តពណ៌តាមរយ:មហាជននិងសកម្មជនក្នុងស្រុកទូទាំងប្រទេស ដោយកំណត់យកជាគោលនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការនេះ។
យោងទៅតាមគម្រោងការរបស់ក្រុមប្រឆាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងអំពាវនាវតាមបណ្តាញសង្គម ប្រឆាំងនិងរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍខេត្ត ដែលជាប់ព្រំដែនកម្ពុជា ឡាវ វៀតណាម រួចមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាមានដាក់ចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត កងកម្លាំងទាំងបីប្រភេទអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានចុះត្រួតពិនិត្យ និងឃ្លាំមើលភាពរបស់សកម្មជនគ្រប់រូប បើមានធ្វើសកម្មអ្វីមួយ ត្រូវកម្ទេចចោល និងធ្វើការចាប់ខ្លួនជាបន្ទាន់ ដើម្បីចាត់ការតាមច្បាប់ និងទប់ស្កាត់ មិនឲ្យមានកើតឡើងជាដាច់ខាត។
លោកបានបញ្ជាក់ថា នៅក្នុងទឹកដីខេត្តបាត់ដំបងទាំងអស់ ពិសេសស្រុកនៅជាប់ព្រំដែនខាងលើមានសភាពស្ងប់ស្ងាត់ ពុំមានអ្វីគួរឲ្យសម្គាល់ឡើយ ចំពោះប្រជាពលរដ្ឋនៅទីនោះកំពុងប្រកបរបររបស់ពួកគាត់សុខសាន្តជាធម្មតាទេ៕