(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានគណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានប្រគល់ជូនសេចក្តីសម្រេចស្តីពីការតែងតាំង លោកបណ្ឌិត ឃី សុវណ្ណរតនា ជា ឧត្តមទីប្រឹក្សា ពុទ្ធិកសមាគមកម្ពុជរដ្ឋ អាណត្តិទី៧។
ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាមរតកដ៏វិសេសវិសាលបំផុត របស់សម្តេចព្រះមហាសុមេធាធិបតី ជោតញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជ ថ្នាក់ទី១ នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកសារពន្លឺពុទ្ធចក្រ បានបញ្ជាក់ថា សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្កើត ពុទ្ធិកសមាគមកម្ពុជរដ្ឋឡើង តាំងពីឆ្នាំ១៩៥២ ដើម្បីបានបម្រើផលប្រយោជន៍ដល់ព្រះសង្ឃ សមណសិស្ស-និស្សិត និងពុទ្ធសាសនិកជន ទាំងក្នុងប្រទេស និងក្រៅប្រទេស។
ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដើតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពុទ្ធសាសនាកម្ពុជាទៅកាន់ទីកន្លែងផ្សេងៗ ទាំងលើឆាកជាតិ និងអន្តរជាតិ របស់កម្ពុជា។ ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគម របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលមក បច្ចុប្បន្ន សម្តេចព្រះមហាសង្ឃរាជស្តីទី សម្តេចព្រះសង្ឃនាយកស្តីទី និងសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គទ្រង់ជាព្រះអធិបតី អធិបតីរង អធិបតីកិត្តិយស ក្នុងសមាគមនេះ។
ពុទ្ធិកសមាគមកម្ពុជរដ្ឋ បាននិងកំពុងខិតខំធ្វើសកម្មភាពជាច្រើន ក្នុងវិស័យសិក្សា អប់រំ និងមនុស្សធម៌ ដែលជាមែកធាងដ៏សំខាន់របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៕