(ព្រៃវែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានចាប់ខ្លួនយុវជនចំនួន២នាក់ ក្រោយញុះញង់តាម TikTok ចង់ឲ្យអ្នកដទៃចូលរួមបាតុកម្មផ្តួលរំលំរាជដ្ឋាភិបាលស្របច្បាប់។
គណនី TikTok ដែលប្រើប្រាស់សម្រាប់ញុះញង់នោះ មានឈ្មោះ ក្មេងខេត្តឯកា (@brosky.2022) ដែលបានបង្ហោះមានខ្លឹមសារថា ខាងព្រៃវែងត្រៀមរួចហើយសម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជួបជុំគ្នានៅភ្នំពេញ ពាក់ពន្ធ័ករណីរួមគំនិតបង្កចលាចលសង្គមនិងញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមការអូសទាញរបស់ក្រុមនយោបាយទុចរិតនៅក្រៅប្រទេស។
បន្ទាប់ពីទទួលបានពត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស អ.ហខេត្ត និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត បានចុះធ្វើការស្រាវជ្រាវរួចកំណត់មុខសញ្ញា ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖ ១.ឈ្មោះ ញ៉ិល បូរី អាយុ១៩ឆ្នាំ រស់នៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ២.ឈ្មោះ វុធ ពិសិដ្ឋ អាយុ១៩ឆ្នាំ រស់នៅភូមិគ្រួស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
វត្ថុតាងដែលដកហូតមាន៖ ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតិវីធី៕