(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាញសង្គម នៅល្ងាចថ្ងៃទី១៧ ខែសីហានេះ បានលើកឡើងថា ការអំពាវនាវរបស់ បុគ្គល មី ដារ៉ា អតីតទាហានរត់ចោលជួរ ឱ្យយុវជនចូលរួមចលនាប្រឆាំងរាជរដ្ឋាភិបាលនោះ គឺគ្មានទម្ងន់នោះឡើយ។
ការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី បុគ្គល មី ដារ៉ា បានចេញវីដេអូមួយ អំពាវនាវឱ្យយុវជន ចូលរួមក្នុងចលនាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងធ្វើបាតុកម្មប្រឆាំង កិច្ចសហប្រតិបត្តិអភិវឌ្ឍតំបន់ត្រីកោណ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, បុគ្គល មី ដារ៉ា មិនមែនជាយោធិនទៀតទេ ហើយការប្រើប្រាស់ឯកសណ្ឋានយោធា គឺត្រូវចាត់ទុកជាទង្វើខុសច្បាប់។ កាលពីនៅជាយោធា បុគ្គលរូបនេះ បានប្រព្រឹត្តបទល្មើសឆបោក, អនុវត្តខុសនឹងបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទជាច្រើនលើកច្រើនសារ ព្រមទាំងបាន បោះបង់អង្គភាព ចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ ដោយបានរត់គេចខ្លួនពីការអនុវត្តច្បាប់ ទៅជ្រកកោណនៅប្រទេសអូស្រ្តាលី។
លោកអះអាងថា បន្ទាប់ពីបានទៅដល់អូស្រ្តាលី បុគ្គលនេះ បានចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ហើយវាយប្រហារជាបន្តបន្ទាប់មកលើ កងយោធពលខេមរភូមិន្ទ និងរាជរដ្ឋាភិបាលកម្ពុជា។
«ការអំពាវនាវរបស់បុគ្គលរូបនេះ ឱ្យយុវជនចូលរួមបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរ ដែលមិនអាចលើកលែងឱ្យបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការអំពាវនាវនេះ នឹងមិនមានស្ថានភាពទម្ងន់ណាមួយមកលើ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជន នៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ នាយឧត្តមសេនីយ៍។
ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សូមអំពាវនាវឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលនៅក្រៅប្រទេស រហូតចូលរួមក្នុងចលនាខុសច្បាប់ណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនោះឡើយ៕