(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាគម្រប់ខួប១ឆ្នាំហើយ នៃការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិបន្តពីសម្តេចតេជោ ហ៊ុន សែន ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥, គោលដៅយុទ្ធសាស្ត្រចំនួន៥ និងអាទិភាពគន្លឹះចំនួន៥ ផងដែរ។ ចំពោះបាវចនា ៥ រួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព។ ចំណែកឯគោលដៅយុទ្ធសាស្ត្រ ៥ រួមមាន៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន, សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ រីឯគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។
បន្ថែមពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, កម្មវិធីទី(២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, កម្មវិធីទី(៣) ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, កម្មវិធីទី(៤) ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី (៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។
តើរយៈពេលមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយយុវជនបន្តវេន បង្កើតបានសមិទ្ធផលសំខាន់ៗអ្វីខ្លះ? ហើយថាតើ ប្រជាពលរដ្ឋ បណ្ឌិតបញ្ញវន្តខ្មែរ មានការយល់ឃើញដូចម្តេចចំពោះសមិទ្ធផល និងការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី?
សូមទស្សនជន ទស្សនាបទយកការណ៍ពិសេសដែលរៀបចំដោយ កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News និងក្រុមការងារ ដោយជួបសម្ភាសជាមួយ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បណ្ឌិតបញ្ញវន្ត និងប្រជាពលរដ្ឋ ដូចតទៅ៖