(កណ្តាល)៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ បានរៀបចំកម្មវិធីដាំកូនឈើចំនួន២០០០ដើម នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅលើទីតាំងដីដែលកំពុងត្រៀមកសាងវិទ្យាស្ថានថ្មីស្តង់ដាអន្តរជាតិ ដើម្បីទុកជាប្រយោជន៍នៅក្នុងវិស័យព្រះពុទ្ធសាសនា សម្រាប់ប្រជាពុទ្ធស័ទនៅក្នុងតំបន់ និងអ្នកធ្វើដំណើរមកពីទីជិត ទីឆ្ងាយ។
កម្មវិធីនេះ កើតឡើងទៅបាន ដោយសារមានការចូលរួមពីប្រជាពុទ្ធបរិស័ទ ជាបច្ច័យក្តី ជាដើមឈើក្តី ពិសេសតាមរយៈការចូលរួមផ្តល់ដើមឈើចំនួន៥០០ដើមពីមន្ទីរបរិស្ថានខេត្តកណ្តាល ដែលដឹកនាំដោយផ្ទាល់ពី លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល។ លោកគ្រូ សោម វណ្ណៈ ព្រឹទ្ធបុរសនៃវិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ បានមានប្រសាសន៍ថា ជាដំបូង វិទ្យាស្ថាន បានចាប់ផ្តើមដំណើរការចាក់ដី ធ្វើផ្លូវ និងដាំដើមឈើឱ្យបានច្រើននៅលើផ្ទៃដីជាង៦ហិចតា។ បន្ទាប់ពីនេះ យើងនឹងធ្វើកុដិកម្មដ្ឋានតូចៗសិន រួចមកយើងនឹងសាងសង់អគារធម្មសាលា ដែលមានបណ្តោយ៦០ម៉ែត្រ និងទទឹង៣០ម៉ែត្រ អមដោយការដាំដើមឈើគ្រប់ទីកន្លែង។
ព្រះអង្គព្រះធម្មវិបស្សនា ម៉ុន សាយ អធិការបតី វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ មានសង្ឃដីកាថា ដីសម្រាប់ធ្វើពិធីដាំដើមឈើ និងកសាងវិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិថ្មីនេះ បានមកពីសទ្ធាជ្រះថ្លារបស់លោកយាយ តាំង អូន ដែលកាលនោះលោកយាយបានប្រគល់ជូនលោកគ្រូសាន សុខជា កាលពីគង់នៅជាព្រះសង្ឃ ។ ក្រោយ លោកគ្រូ សាន សុខជា ចាកព្រះផ្នួស ក៏បានប្រគេនដីនេះដល់ព្រះអង្គ និងលោកតាបណ្ឌិត កុល ផេង ចាត់ចែងបន្តកសាងជា វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ សម្រាប់ទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ពិសេសព្រះសង្ឃ និងព្រះបរិស័ទសិក្សារៀនសូត្រធម៌វិន័យ។
ព្រះអង្គគ្រូ ម៉ុន សាយ មានសង្ឃដីកាបញ្ជាក់បន្ថែមថា នៅពេលនេះលោកតាបណ្ឌិត កុល ផេង បានរៀបចំច្បាប់សាងសង់ផ្សេងៗរួចរាល់ហើយ ដូច្នេះបន្ទាប់ពីនេះ វិទ្យាស្ថាននឹងសាងសង់ វិទ្យាស្ថានពុទ្ធិកសក្យបុត្រអន្តរជាតិ ឱ្យកើតឡើងយ៉ាងពិតប្រាកដ ហើយតាមគម្រោងរបស់យើង គឺត្រូវមានដាំដើមឈើ ផ្លូវថ្នល់ សាលារៀន កន្លែងស្នាក់នៅ កន្លែងបដិបត្តិព្រះធម៌ និងកន្លែងជាច្រើនទៀត។ ដូច្នេះថ្ងៃនេះ យើងនាំគ្នាដាំដើមឈើ ព្រោះដើមឈើជាថ្លើមផែនដី ជាសួតផែនដី និងជាជម្រកផែនដី របស់យើង។
ជាមួយគ្នានោះ លោក ពៅ សោម៉ាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តកណ្តាល បានរៀបចំដើមឈើចំនួន៥០០ដើម និងចូលរួមដាំដោយផ្ទាល់ ដើម្បីជាប្រយោជន៍សម្រាប់សាធារណៈជនទូទៅ និងព្រះពុទ្ធសាសនា៕