(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ សហការជាមួយកងទ័ពអង្គភាព ង៧០ និងរដ្ឋបាលខណ្ឌទាំង១៤ ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមសង្កាត់ទាំង១០៥ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចុះបាញ់នៅតំបន់ ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋនៅមូលដ្ឋានរាជធានីភ្នំពេញ។
ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ខណៈលោកអញ្ជើញជាអធិបតីក្នុងពិធីបេីកយុទ្ធនាការ បាញ់ថ្នាំសម្លាប់មូសតាមខណ្ឌ សង្កាត់ ភូមិ និងសហគមន៍ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី១៧ ខែសីហា ២០២៤ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
លោក ឃួង ស្រេង បានផ្ញើសារជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់សូមជឿជាក់លើរាជរដ្ឋាភិបាល ដោយអាជ្ញាធរ និងកងកម្លាំងរបស់យើង បានយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះ កម្លាំងរបស់យើងមួយចំនួនធំកំពុងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ខាងមុខនេះ ហើយកម្លាំងរបស់យើងមួយចំនួនទៀតនបានយកមកប្រើប្រាស់ ក្នុងការបង្ការបនិងទប់ស្កាត់ជំងឺគ្រុនឈាម ទៅតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា។
លោកអភិបាលបន្តថា កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមបាញ់ថ្នាំសម្លាប់មូសនេះ ឲ្យបានគ្រប់ទីកន្លែង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញពិសេសនៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ។
លោកលើកឡើងទៀតថា ការងារបាញ់ថ្នាំសម្លាប់មូសនេះមើលទៅតូចទេ តែវាបានផ្តល់ផលប្រយោជន៍ច្រើនសំរាប់ប្រជាពលរដ្ឋ ពោលគឺបាញ់ថ្នាំសម្លាប់មូស អាចបង្ការទប់ស្កាត់ជំងឺគ្រុនឈាម បើយើងមិនបានបង្ការទប់ស្កាត់ទេ វានឹងធ្វើអោយក្មេងមានជំងឺគ្រុនឈាម កាលណាកើតមានជំងឺគ្រុនឈាមលើកូនរបស់ខ្លួនហើយ យើងត្រូវខាតបង់ពេលវេលាក្នុងការមើលថែកូនផង និងត្រូវខាតបង់លុយកាក់ថែមទៀត។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សំរាប់ថ្ងៃដំបូងនៃយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះ ក្រុមការងារបានបែងចែកជាក្រុមចុះបាញ់នៅក្នុងមូលដ្ឋានខណ្ឌចំនួន៧ រួមមាន ៖ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕