(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្រូវក្រអូបជាង ១០០តោន ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទចុះប្រមូលទិញពីប្រជាកសិករនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែរ ខេត្តបាត់ដំបង ប្រគល់ជូនក្រុមហ៊ុនហ្គ្រីនត្រេត សម្រាប់ស្តុកទុក និងប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
យុទ្ធនាការនេះ ធ្វើឡើងដើម្បីឆ្លើយតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ ក៏ដូចជារួមចំណែកលើកស្ទួយតម្លៃស្រូវអង្ករខ្មែរ និងជួយដល់ប្រជាកសិករដែលជួបការលំបាក ក៏ដូចជាជំរុញចលនា «ទិញផលិតផលខ្មែរ» ដែលក្រសួងបានដាក់ឲ្យអនុវត្តន៍នាពេលកន្លងមក។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងថា «ស្រូវអង្ករ គឺអាយុជីវិតរបស់កសិករ នៅពេលតម្លៃស្រូវធ្លាក់ រដ្ឋាភិបាលមានកាតព្វកិច្ចធ្វើការស្រោចស្រង់វិបត្តិមួយនេះ។ ក្រសួងពាណិជ្ជកម្មនឹងធ្វើការទិញស្រូវពីប្រជាជនឲ្យបានច្រើនជាអតិបរិមា ហើយខិតខំស្វែងរកទីផ្សារអន្តរជាតិបន្ថែមទៀតសម្រាប់អង្ករខ្មែរ ហើយនេះ គឺជាស្មារតីជួយគ្នាទៅវិញទៅមកប្រកបដោយភាពទទួលខុសត្រូវរវាងរដ្ឋ និងរាស្ត្រដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល»។
ប្រជាកសិករដែលរស់នៅឃុំកំពង់ព្រៀង បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី និងប្រតិភូ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ដែលបានដាក់ចេញវិធានការ ដើម្បីលើកកម្ពស់តម្លៃស្រូវទាន់ពេលវេលា ទោះជាចំណាត់ការនេះមានរយៈពេលខ្លី ប៉ុន្តែបាននាំមកនូវក្តីសង្ឃឹម ដើម្បីជំរុញទឹកចិត្តពួកគាត់ឲ្យខិតខំផលិតភោគផលដំណាំងស្រែចំការ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រទេសជាតិបន្តទៀត។
សូមជម្រាបថា ដើម្បីទប់ទល់ការធ្លាក់ចុះ នៃតម្លៃស្រូវក្រអូប រាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេស ដោយទម្លាកថវិកាសមមូលទំហំ ២៧លានដុល្លារ ក្នុងនោះថវិកាបំរុងរបស់រដ្ឋាភិបាលចំនួន ២០លានដុល្លារ និងទុនធនាគារអភិវឌ្ឍន៍ចំនួន ៧លានដុល្លារ ដើម្បីជាឥណទានកាតាលិករសំដៅជំរុញស្ថេរភាពភាវូបនីយកម្មថ្លៃស្រូវ និងជំរុញការទិញស្រូវក្នុងស្រុក ដែលមានធនាគារអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តន៍គម្រោង៕