(ភ្នំពេញ)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ពុយ គា ប្រធានក្លិបអ្នកាសែតកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានបើកទូកនាំក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី៣៧ស្ថាប័ន ជិះទូកទស្សនាលើដងស្ទឹងឆាយលូក ស្ថិតនៅឃុំអូរសោម ស្រុកវាលវែងខេត្តពោធិ៍សាត់។ ស្ទឹងឆាយលូក គឺជាទីតាំងមួយសម្រាប់ស្តុកទឹកបម្រើទំនប់វារីអគ្គិសនី ដែលត្រូវបានប្រសិទ្ធនាមថា ជាធុងអាគុយ របស់កម្ពុជា។
ឃុំ អូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់ ដែលមានអំណោយផលខ្ពស់សម្រាប់ការទេសចរណ៍បែបធម្មជាតិ និងសម្រាប់ដំណាំផ្សេងៗផងដែរ។ ពីអតីតកាលឃុំអូរសោមបើទោះបីស្ថិតនៅលើខ្នងភ្នំ ហើយគ្មានផ្លូវឡើងទៅយ៉ាងណាក្តី តែក៏មានជនជាតិដើមភាគតិចតាំងទីលំនៅ និងរស់នៅទីនោះតាំងពីយូរលង់ណាស់មកហើយ។ លុះក្រោយមកដោយសារដីតំបន់នោះមានអំណោយផលខ្ពស់សម្រាប់ការធ្វើចម្ការ ក៏មានប្រជាពលរដ្ឋពីតំបន់នានា ធ្វើចំណាកស្រុកទៅរស់នៅទីតាំងនោះផងដែរ។
កាលពីអតីតកាលការរស់នៅរបស់ប្រជាពលរដ្ឋលើខ្នងភ្នំក្នុងឃុំអូរសោម ជួបការលំបាកជាខ្លាំង ព្រោះអត់មានផ្លូវសម្រាប់ធ្វើដំណើរ គ្មានបណ្តាញទឹក គ្មានអគ្គិសនី គ្មានសាលារៀន មណ្ឌលសុខភាព និងហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការរស់នៅដទៃទៀត។ ការសាងសង់ផ្លូវ គឺជានយោបាយដ៏អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ផ្លូវមិនត្រឹមតែជួយធ្វើសមាហរណកម្មប្រជាពលរដ្ឋពីតំបន់មួយទៅតំបន់មួយទៀតប៉ុណ្ណោះទេ តែផ្លូវ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចក្នុងគ្រួសារប្រជាពលរដ្ឋខ្មែរផងដែរ។
ឈរលើនយោបាយប្រកបដោយភាពប្រាកដនិយមនេះហើយ ទើបរាជរដ្ឋាភិបាលកើតចេញពីបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងសាងសង់ផ្លូវយ៉ាងប្រទាក់ក្រឡាគ្នាពីរាជធានី ទៅបណ្តាខេត្ត និងពីទីប្រជុំខេត្តនីមួយៗទៅកាន់តំបន់ជនបទដាច់ស្រយាល។ សម្រាប់ខេត្តពោធិ៍សាត់ បន្ទាប់ពីផ្លូវជាតិលេខ៥៥ តភ្ជាប់ផ្លូវជាតិលេខ៥ ទីប្រជុំជនខេត្តពោធិ៍សាត់ ទៅកាន់តំបន់ជួរភ្នំស្រុកវាលវែង រហូតដល់ព្រំដែនថៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាប់ផ្តើមសាងសង់ផ្លូវជាតិលេខ១០មួយខ្សែទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០នេះ ដំណាលគ្នានឹងថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥តែម្តង គឺនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
ផ្លូវជាតិលេខ១០ មានប្រវែងជិត ២០០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ភ្ជាប់មកផ្លូវជាតិលេខ៥៥ ត្រង់ឃុំប្រមោយ ហើយឡើងទៅឃុំអូរសោម រួចភ្ជាប់ទៅដល់ខេត្តកោះកុងតែម្តង។ ផ្លូវមួយខ្សែនេះគ្រោងចំណាយថវិកាជិត ២០០លានដុល្លារ ជាកម្ចីរបស់រដ្ឋាភិបាលចិន។
បន្ទាប់ពីការបើកការដ្ឋានសាងសង់រយៈពេលជាង៣ឆ្នាំ ផ្លូវជាតិលេខ១០ សម្រេចបានប្រមាណជា ៦០ភាគរយហើយ។ បើទោះបីផ្លូវជាតិលេខ១០ សម្រេចការសាងសង់មិនទាន់រួចរាល់១០០ភាគរយយ៉ាងណាក្តី តែបច្ចុប្បន្នតាមរយៈផ្លូវមួយខ្សែនេះ គេអាចធ្វើដំណើរទៅដល់ទឹកដីទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងនៃឃុំអូរសោម ដោយមិនលំបាកដូចមុនទៀតនោះឡើយ។
រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរមានពាក្យស្លោកមួយថា «មានផ្លូវ មានសង្ឃឹម»។ ផ្លូវជាតិលេខ១០ កំពុងកែប្រែជីវិត និងការរស់នៅរបស់ពលរដ្ឋ ឃុំអូរសោម ប្រែមកស្រស់បំព្រង និងពោរពេញដោយស្នាមញញឹម។ ជាពិសេសបានដោះស្រាយការលំបាកក្នុងការធ្វើដំណើររបស់ពួកគេ។
សមិទ្ធផលផ្លូវជាតិលេខ១០នេះ មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយសម្រាប់ពលរដ្ឋឃុំអូរសោម ក្នុងការធ្វើដំណើរប៉ុណ្ណោះទេ។ ប៉ុន្តែវាបាននាំមកនូវក្តីសង្ឃឹមសម្រាប់កសិផលរបស់ពួកគេផងដែរ។ ពួកគេមិនបារម្ភក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារដូចមុនទៀតនោះឡើយ។
ឃុំអូរសោមស្ថិតនៅលើខ្នងភ្នំដ៏ខ្ពស់មួយ ដែលអមដោយជួរភ្នំ ព្រៃព្រឹក្សា និងទឹកជ្រកជាដើម ជាអំណោយផលខ្ពស់សម្រាប់អ្នកទេសចរចង់ផ្សារភ្ជាប់ជីវិតនឹងធម្មជាតិ។ អំណោយផលពីធម្មជាតិសម្រាប់ការសម្រាកលំហែ រួមជាមួយសមិទ្ធផលផ្លូវជាតិលេខ១០ បានអន្ទងដួងចិត្តអ្នកទេសចរគ្រប់ទិសទីទៅកាន់អូរសោម ហើយលែងធ្វើឱ្យអូរសោមស្ងប់ស្ងាត់ដូចមុនទៀតហើយ។
ការស្រូបទាញបានអ្នកទេសចរ និងសម្រួលដល់ការរកទីផ្សារសម្រាប់កសិផលក្រោយមានផ្លូវជាតិលេខ១០ ក៏បានជួយកែប្រែជីវភាពរបស់ប្រជាពលរដ្ឋនៅឃុំអូរសោម ឱ្យបានល្អប្រសើរជាងមុនផងដែរ។
ឃុំអូរសោមមិនតែរីកមុខរីកមាត់ជាមួយផ្លូវជាតិលេខ១០ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈប្រែក្លាយអូរសោម ឱ្យកាន់តែស្រស់បំព្រងនោះ អាជ្ញាធរក៏បានតបណ្តាញអគ្គិសនី រៀបចំប្រព័ន្ធទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានដូចជាផ្លូវបេតុងជាដើម សម្រាប់សម្រួលការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាស្នាក់នៅដល់អ្នកទេសចរ។
សមិទ្ធផលកើតមានជាក់ស្តែងលើទឹកដីនៃខេត្តពោធិ៍សាត់ទាំងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ក៏ដូចជាសមិទ្ធផលជាច្រើនទៀត កើតមានក្រោមការដឹកនាំរបស់បក្សប្រជាជនកម្ពុជានេះ បាននាំឱ្យប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ពេញចិត្ត និងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា។ ពួកគេរំពឹងថា វត្តមានបក្សប្រជាជនកម្ពុជាលើនាវាកម្ពុជា នឹងបន្តធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន និងរុងរឿង៕